រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួចនៅអង្គការពាណិជ្ជកម្មពិភពលោក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តបានចូលរួមកិច្ចប្រជុំជាមួយបណ្តារដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោកដើ​ម្បីត្រៀមគោលការណ៍ និងជំហរសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិ​ជ្ជកម្មពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះធ្វើឡើង តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យនិងអនុម័តលើសេចក្ដីប្រកា​សនៃប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់ដាក់ជូនសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

លោកប៉ាន សូរស័ក្ត បានជម្រាបជូនអំពីគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដោយកម្ពុជា បានទទួលនូវផលប្រយោជន៍ជាច្រើន តាមរយៈប្រព្រឹត្តកម្មពិសេស និងដោយឡែកក្រោមប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ។

សេចក្ដីប្រកាសនៃរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច បានដាក់ចេញនូវគោលការណ៍ និងជំហររបស់ប្រទេសអភិវឌ្ឍន៍តិចតួច ជូនសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ទាំងអស់ពិនិត្យ និងសម្រេចលើការចរចា ទៅលើប្រធានបទអាទិភាព របស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីលើកកម្ពស់ការនាំចេញ របស់ប្រទេសអភិវឌ្ឍន៍តិចតួច ទៅក្នុងទីផ្សារពិភពលោក។
លោកសង្ឃឹមថា គោលការណ៍ និងជំហររបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលបានដាក់ចេញនៅក្នុងសេចក្ដីប្រកាសនេះ នឹងត្រូវបានសមាជិកដទៃទៀត យកទៅពិចារណាយ៉ាងល្អិតល្អន់ ដើម្បីទទួលបាននូវលទ្ធផលដែលមានសមតុល្យ និងផលប្រយោជន៍ជារួម សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងសម្រាប់សមាជិកដទៃទៀត ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក ផងដែរ។

សេចក្ដីប្រកាសនៃរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក បានដាក់ចេញនូវគោលការណ៍ និងជំហរលើប្រធានបទ ដូចជា វិធានដើមកំណើតទំនិញ ការលើកលែងសេវាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ទីផ្សារមិនជាប់កូតា និងមិនជាប់ពន្ធគយ សេចក្ដីសម្រេចលើការចាកចេញ ពីប្រទេសអភិវឌ្ឍតិចតួច ការចូលជាសមា​ជិកអង្គការពាណិជ្ជកម្មពិភពលោក ការឆ្លើយតបទៅនឹងការរីករាលដាល ជាសកលនៃជំងឺកូវីដ១៩ ឧបត្ថម្ភធនក្នុងវិស័យជលផល ការចរចាលើកសិកម្ម ប្រព្រឹត្តកម្មពិសេសនិងដោយឡែក កំណែទម្រង់អង្គឧទ្ធរណ៍ នៃអង្គការពាណិជ្ជកម្មពិភពលោក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពទាក់ទង នឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម កម្មវិធីក្របខណ្ឌពង្រឹងសមាហរណកម្ម និងជំនួយសម្រាប់ពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here