អូស្ត្រាលីផ្តល់ជំនួយថវិកា 60លានដុល្លារដល់អាស៊ាន សម្រាប់ផ្តួចផ្តើមសន្តិសុខសុខាភិបាលអាស៊ាន-អូស្ត្រាលី

ដោយៈ សុផារី

អាស៊ានៈ អូស្រ្តាលីបានផ្តល់ជំនួយថវិកា 60លានដុល្លារអូស្រ្តាលី ដល់បណ្តាប្រទេ​សក្នុងសហគមន៍អាស៊ាន សម្រាប់គំរោងផ្តួចផ្តើមសន្តិសុខសុខាភិបាលអាស៊ាន អូស្រ្តាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១នៅព្រឹកថ្ងៃទី២៧ តុលាកន្លងមកនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសជួយដល់អាស៊ាន សម្រាប់គំនិតផ្តួចផ្តើម សន្តិសុខសុខាភិបាលអាស៊ាន -អូស្ត្រាលី៦០លានដុល្លារអូស្ត្រាលី ក្នុងការគាំទ្រមជ្ឈមណ្ឌលអាស៊ាន សម្រាប់សុខភាពសាធារណៈ សង្គ្រោះបន្ទាន់ និងជំងឺកើតថ្មី។ អូស្ត្រាលី ក៏បានប្រកាសបន្តជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១០លានដូសបន្ថែមទៀតដល់អាស៊ាន។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសបន្តគាំទ្រការស្តារឡើងវិញនូវសេដ្ឋកិច្ចអាស៊ាន និងបានបង្ហាញក្តីសង្ឃឹមថា នឹងមានឱកាសមកទស្សនកិច្ចនៅប្រទេសអាស៊ាននីមួយៗនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកអាស៊ាន គឺជាតំបន់មួយដែលមានទំហំពាណិ​ជ្ជកម្មធំជាងគេសម្រាប់អូស្ត្រាលី និងជាតំបន់មួយ ជិតអូស្ត្រាលី ដែលជាមិត្តជិតខាងមួយរបស់អូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានប្រកាសគាំទ្ររាល់យន្តការទាំងឡាយ ដែលដឹកនាំដោយអាស៊ាន ដោយលោកបានប្រកាសគាំទ្រ ការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន និងការកាត់បន្ថយគម្លាតប្រទេសសមាជិកអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានផ្លាស់ប្ដូរយោបល់គ្នា ក្នុងការបើកទំព័រថ្មី នៃទំនាក់ទំនងប្រទេសដៃគូសន្ទនា រវាងប្រទេសអាស៊ាន និងអូស្រ្តាលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងអូស្រ្តាលី ក្នុងកម្រិតថ្មីមួយទៀត ជាពិ​សេសនៅក្នុងការចូលរួមចំណែក បន្តលើកកម្ពស់សន្តិភាពស្ថេរភាព និងវិបុលភាពក្នុងតំបន់។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពក្នុងការលើកកម្ពស់ នៃទំនាក់ទំនងអាស៊ាននិងអូស្ត្រាលី ដើម្បីអោយទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ដល់អូស្ត្រាលីផងដែរ ក្នុងការបន្តការគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន ពិសេសនៅក្នុងទស្សនៈវិស័យរបស់អាស៊ាន និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ចង់ឃើញការផ្តល់ឱកាសឱ្យអូស្ត្រាលី ចូលរួមជាមួ​យអាស៊ានដោយភាពវិជ្ជមាន និងការស្ថាបនា។ នៅចុងក្រោយនៃជំនួបនេះ ក៏មានការផ្លាស់ប្តូទៅលើបញ្ហាក្នុងតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here