ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច សង្គមឡើងវិញ បន្ទាប់ពីបានរឹតបន្តឹងអស់រយៈពេលជិត២ឆ្នាំដោយសារតែជំងឺកូវីដ១៩។ ការបើកឡើងវិញនៃសេដ្ឋកិច្ច សង្គម ក៏ដូចជាប្រទេសទាំងមូល នឹងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច សកម្មភាពអាជីវកម្មគ្រប់វិស័យឡើងវិញ ដែលធ្វើឱ្យកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២២។
បើតាមវិចារណកថារបស់វិទ្យុជាតិនៃកម្ពុជានៅល្ងាចថ្ងៃទី៨វិច្ឆិកា២០២១បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការស្ដារនិងជំរុញសេដ្ឋកិច្ចឱ្យបន្តស្ថិតនៅលើគន្លងនៃកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈការខិតខំធ្វើឱ្យសម្រេចបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ពិសេសការជំរុញសន្ទុះល្បឿននៃការអនុវត្តកិច្ចកែទម្រង់លើគ្រប់វិស័យ ក្នុងឆ្នាំ២០២២។
យោងតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវសម័យប្រជុំពេញអង្គគណរដ្ឋមន្ត្រីពិភាក្សានិងអនុម័តកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២១ បានបង្ហាញសូចនាករដ៏សំខាន់ៗនិងការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ។ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន៤,៨ភាគរយ ដែលធ្វើឱ្យផ.ស.ស ស្ថិតក្នុងរង្វង់៣០.៥០០លានដុល្លារអាមេរិក និងផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹកងើនឡើងដ់១.៨៤២ដុល្លារអាមេរិក បើធៀបនឹង១៧៣០ដុល្លារអាមេរិកក្នុងឆ្នាំ២០២១។
សេចក្តីព្រាងច្បាប់ដដែលឱ្យដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនក្នុងអត្រា៧,៧ភាគរយក្នុងឆ្នាំ២០២២ ពីកំណើន៥,៧ភាគរយក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានរំពឹងថាបន្តសម្រេចកំណើនទាប ។
វិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងក្នុងអត្រា ៤,១ភាគរយ ក្នុងឆ្នាំ២០២២ ពីកំណើនត្រឹម០,៣ភាគរយក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។ សម្រាប់វិស័យកសិកម្ម ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១ភាគរយ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន១,៤ភាគរយក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនូវកំណើនល្អប្រសើរនៃអនុវិស័យដំណាំនិងអនុវិស័យចិញ្ចឹមសត្វ ។
ធនាគារអន្តរជាតិធំៗពីរប្រចាំកម្ពុជាក៏បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២២នេះ ដោយវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចសំខាន់ៗ ក៏រំពឹងថានឹងមានសន្ទុះងើបឡើងវិញ ។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសបើកប្រទេស បើឱ្យទេសចរអន្តរជាតិនិងវិនិយោគិនបរទេសចូលមកកម្ពុជា ដើម្បីទស្សនាកម្សាន្តនិងដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា៕