លោក កាំង តុងងី៖ការថយចុះនៃការស្នើសុំរៀបចំឥណទានឡើងវិញជាសញ្ញាបង្ហាញពីការវិលទៅរកភាពល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុធារី

ភ្នំពេញ៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា ប្រមាណជា១០សប្ដាហ៍ចុងក្រោយនេះ ពោលរាប់ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២១ ការស្នើសុំរៀបចំឥណទានឡើងវិញរបស់អតថិជន មានចន្លោះត្រឹមតែ១០០-៥០០នាក់ប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ សញ្ញាថយចុះនេះជាការបង្ហាញអំពីការវិលទៅរកស្ថានភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

លោក កាំង តុងងី បានបញ្ជាក់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ថា “ក្នុងរយៈពេល១០សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញ មានចន្លោះ១០០ទៅ៥០០នាក់ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍មានការថយចុះច្រើន បើធៀបនឹងខែឧសភា និងខែមិថុនា ដែលមានអ្នកស្នើសុំរៀបចំឥណទានឡើងវិញ រហូតដល់១ម៉ឺននាក់ ក្នុងមួយសប្ដាហ៍”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា ការថយចុះនេះអាចវាយតម្លៃបានថា ផលប៉ះពាល់នៃជំងឺកូវីដ១៩ មានការធ្លាក់ចុះច្រើន ហើយចំណែកចំនួនអ្នកដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ក៏បានថយចុះតាមនេះដូចគ្នាដែរ ទាំងនេះជាសញ្ញាល្អប្រសើរមួយបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបន្ដិចម្ដងៗហើយ។

លោកបន្ដថា ទោះជាស្ថានភាពល្អប្រសើរបែបនេះក្ដី ក៏សមាគមមីក្រូហិរញ្ញវត្ថុនឹងបន្តតាមដានដោយយកចិត្តទុកដាក់ នូវនិន្នាការផ្សេងៗ ដើម្បីការពារផលប៉ះពាល់ណាមួយដែលអាចនឹងកើតឡើងជាយថាហេតុ។

លោកបានបញ្ជាក់ថា “សម្រាប់គោលនយោបាយរៀបចំឥណទានឡើងវិញនឹងផុតកំណត់ត្រឹមដំណាច់ឆ្នាំ២០២១ ប៉ុន្តែវិស័យហិរញ្ញវត្ថុទាំងមូលកំពុងសិក្សា ជាមួយស្ថានប័នពាក់ព័ន្ធ ក្នុងការពន្យារគោលនយោបាយនេះ ដោយសារអតិថិជនមួយចំនួននៅតែរងផលប៉ះពាល់នៅឡើយ”។

លោក កាំង តុងងី បានបញ្ជាក់ថា សម្រាប់ការស្នើសុំរៀបចំឥណទានឡើងវិញគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានអតិថិជនចំនួន៣៧៨,១៩៨នាក់ បានស្នើសុំរៀបចំឥណទានឡើងវិញ មកកាន់គ្រឹះស្ថានទាំង១១៥ ដែលជាសមាជិករបស់សមាគម ក្នុងនោះគ្រឹះស្ថានមីក្រូទទួលប្រាក់បញ្ញើ៦៦, មីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ១០, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ១២, គ្រឹះស្ថានឥណទានជនបទ២៣ និងធនាគារចំនួន៤។ អតិថិជនចំនួន ៣៥៦,៧៧៥នាក់ស្មើនឹង៩៤ភាគរយ បានទទួលការរៀបចំឥណទាន ក្នុងទំហំឥណទានជាង១៧២០លានដុល្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here