តម្លៃផ្ទះក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៥

ដោយ: សុផារី

ចិន៖ អចលនទ្រព្យរបស់ប្រទេសចិនមានការធ្លាក់ចុះ បង្ហាញឱ្យឃើញកាន់តែច្បាស់តាមរយៈការធ្លាក់ចុះនៃតម្លៃផ្ទះថ្មីយ៉ាងខ្លាំងពីមួយខែទៅមួយខែ ចាប់តាំងពីឆ្នាំ២០១៥។ តាមរយៈកាសែត BBC បានរាយការណ៍ថា ការសាងសង់ថ្មីចាប់ផ្តើមពីខែមករាដល់ខែតុលាក៏បានធ្លាក់ចុះ៧,៧% បើធៀបនឹងឆ្នាំមុន។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះត្រូវបានរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande ព្យាយាមបន្តការបង់ប្រាក់ការប្រាក់លើបំណុលដ៏ធំរបស់ខ្លួន។ ប្រទេសចិនក៏រងការវាយប្រហារដោយរលកថ្មីនៃកូវីដ១៩ និងការកាត់ផ្តាច់ថាមពលផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះ 0,២% នៃតម្លៃផ្ទះថ្មីនៅក្នុងខែតុលា គឺជាការធ្លាក់ចុះដ៏ធំបំផុតដែលមិនធ្លាប់ឃើញនៅក្នុងប្រទេសចិន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៥មក។ នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលមានចំនួនប្រហែលមួយភាគបួននៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេស ដោយវិធានការមួយចំនួនត្រូវបានរង្គោះរង្គើ នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗប្រឈមនឹងបំណុលដ៏ធំ។

កាលពីសប្តាហ៍មុន Evergrande ដែលជាប់ជំពាក់បំណុលប្រហែល៣០០ពាន់លានដុល្លារ បានជៀសវាងការខកខានលើការបង់ប្រាក់ហួសកាលកំណត់ចំនួន១៤៨លានដុល្លារ។ប៉ុន្មានថ្ងៃមុន ផុតកំណត់រយៈពេលអនុគ្រោះ៣០ថ្ងៃលើការទូទាត់ ក្រុមហ៊ុនបានលក់ភាគហ៊ុនចំនួួន៥,៧ ភាគរយ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ HengTen Networks Group ក្នុងតម្លៃប្រហែល១៤៥លានដុល្លារ។

កាលពីសប្តាហ៍មុន អាជីវកម្មផលិតរថយន្តរបស់ Evergrande បានលក់អាជីវកម្មម៉ូទ័រអេឡិចត្រិច Protean ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងតម្លៃសរុបដែលមិនបានបង្ហាញ។

ក្រុមហ៊ុនសាងសង់ផ្ទះចិនផ្សេងទៀតក៏បានជួបការលំបាកក្នុងការស្វែងរកប្រាក់ដើម្បីសងបំណុលផងដែរ។

កាលពីសប្តាហ៍មុន ភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍ Fantasia បានធ្លាក់ចុះ៥០ភាគរយ បន្ទាប់ពីក្រុមហ៊ុនបាននិយាយថាមិនធានាថានឹងអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀតរបស់ខ្លួនបានឡើយ បន្ទាប់ពីការខកខានបង់ប្រាក់ចំនួន២០៥,៧លានដុល្លារក្នុងខែតុលា។

នៅដើមខែនេះ ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Kaisa Group និងក្រុមហ៊ុនបីផ្សេងទៀតរបស់ខ្លួនត្រូវបានបញ្ឈប់នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីអាជីវកម្មមួយរបស់ខ្លួនខកខានការទូទាត់លើផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here