ដោយ៖ សុធារី
ភ្នំពេញ៖ លំហូរសាច់ប្រាក់ (Cash Flow) និងប្រាក់ចំណេញ (Profit) គឺជាធាតុផ្សំដែលសំខាន់ខ្លាំងក្នុងការធ្វើអាជីវកម្ម ដោយសារវាជាកូនសោរចម្បងសម្រាប់ឆ្លុះបញ្ចាំងពីភាពជោគជ័យ និងបរាជ័យនៃការរកស៊ីរបស់អ្នក។ លំហូរសាច់ប្រាក់ នឹងជួយអ្នកក្នុងការគ្រប់គ្រងហិរញ្ញប្បទាន ខណៈដែលប្រាក់ចំណេញជាអ្វីដែលជួយឱ្យអាជីវកម្មរបស់អ្នកឈរជើងបានយូរ។ ដោយឡែកនៅថ្ងៃនេះ យើងនឹងទៅធ្វើការស្គាល់ឱ្យកាន់តែច្បាស់ពីលំហូរសាច់ប្រាក់ និងប្រាក់ចំណេញក្នុងអាជីវកម្ម។
លំហូរសាច់ប្រាក់ គឺសំដៅដល់ការហូរចេញ និងហូរចូលនៃចំនួនប្រាក់ក្នុងការរកស៊ីរបស់អ្នក។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រតិបត្តិការចំណូលចំណាយប្រចាំថ្ងៃ ដូចជា ការបង់ពន្ធ ទិញសម្ភារៈផ្គត់ផ្គង់ ផ្ដល់ប្រាក់ខែបុគ្គលិក និងចំណាយផ្សេងៗ។ ក្នុងអាជីវកម្មមួយ លំហូរសាច់ប្រាក់អាចមានពីរយ៉ាង គឺ លំហូរសាច់ប្រាក់វិជ្ជមាន (Positive Cash Flow) និងលំហូរសាច់ប្រាក់អវិជ្ជមាន (Negative Cash Flow)។
ក្នុងករណីដែលលំហូរសាច់ប្រាក់វិជ្ជមាន នោះបង្ហាញថា ក្រុមហ៊ុនរបស់អ្នក គឺទទួលបានប្រាក់ចូលច្រើនជាងចំនួនប្រាក់ត្រូវចំណាយ ដែលសរបញ្ជាក់ឲ្យឃើញថាការរកស៊ីរបស់អ្នកកំពុងដំណើរការល្អ។ ប៉ុន្ដែប្រសិនបើលំហូរសាច់ប្រាក់អវិជ្ជមាន នោះបានន័យថា ប្រាក់ក្នុងក្រុមហ៊ុនរបស់អ្នកមានការហូរចេញច្រើនជាងហូរចូល ដែលក្នុងន័យនេះគឺវាអាចប៉ះពាល់ដល់លំនឹងហិរញ្ញវត្ថុនៃអាជីវកម្មទាំងមូលបាន។
ចំណែក ប្រាក់ចំណេញ (Profit) គឺសំដៅដល់ចំនួនទឹកប្រាក់ដែលនៅសល់ពីប្រាក់ចំណូលដែលរកបានបន្ទាប់កាត់កងថ្លៃចំណាយផ្សេងៗរួច។ ឧទាហរណ៍ ប្រសិនក្រុមហ៊ុនមួយរកបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ $៣០,០០០ ជាមួយថ្លៃចំណាយសរុបប្រមាណ $២០,០០០ នោះបានន័យថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននោះរកបានចំនួន $១០,០០០។
ដូចគ្នាទៅនឹងលំហូរសាច់ប្រាក់ដែរ ប្រាក់ចំណេញក្នុងអាជីវកម្មមួយអាចវិជ្ជមាន និងអវិជ្ជមាន។ នៅពេលការគណនាតួលេខប្រាក់ចំណេញចេញមកអវិជ្ជមាន ជាទូទៅគេហៅវាថា “ខាត” ព្រោះក្នុងន័យនេះ ក្រុមហ៊ុនបានចំណាយច្រើនលើប្រតិបត្តិការ ប៉ុន្ដែទាញយកប្រាក់ចេញវិញបានតិច។
តើរវាងលំហូរសាច់ប្រាក់ និងប្រាក់ចំណេញ មួយណាសំខាន់ជាងក្នុងអាជីវកម្មរបស់អ្នក?
ទាំងពីរយ៉ាងគឺសុទ្ធតែសំខាន់នៅក្នុងការធ្វើអាជីវកម្ម។ វាអាចទៅរួចថា ក្រុមហ៊ុនមានលំហូរសាច់ប្រាក់វិជ្ជមាន ប៉ុន្ដែមើលឃើញការចុះធ្លាក់នៃប្រាក់ចំណេញ និងមួយចំនួនទៀត អាចនឹងមើលឃើញប្រាក់ចំណេញកើនឡើង ប៉ុន្ដែមានលំហូរសាច់ប្រាក់អវិជ្ជមាន។
នៅក្នុងការធ្វើអាជីវកម្មធុនតូច និងមធ្យម ដែលទើបចាប់ផ្ដើមបើកដំណើរការរកស៊ី យើងអាចនិយាយបានថា លំហូរសាច់ប្រាក់គឺសំខាន់ជាង ព្រោះវាជួយទ្រទ្រង់ប្រតិបត្តិការចំណូល-ចំណាយ ប្រចាំថ្ងៃ។ ឧទាហរណ៍ អ្នកបើកហាងលក់បាយ អ្នករកចំណូលបានពីភ្ញៀវដែលចូលហាងរបស់អ្នក ប៉ុន្ដែលុយដែលហូរចូលទាំងនោះមិនគ្រប់នឹងការចំណាយផ្សេងៗរួមមានទាំងថ្លៃជួលហាង ថ្លៃទឹកភ្លើង ឬថ្លៃជួលបុគ្គលិក ដែលនេះមានន័យថាប្រាក់ហូរចេញច្រើនជាងប្រាក់ហូរចូល នាំឲ្យលំហូរសាច់ប្រាក់អវិជ្ជមាន ជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកអាចប្រឈមនឹងការបិទទ្វារមុនពេលទទួលបានប្រាក់ចំណេញ។
ជាន័យរួម ដើម្បីឲ្យការរកស៊ីមួយដំណើរទៅបានយ៉ាងរលូន គឺត្រូវប្រតិបត្តិការទៅបានដោយលំហូរសាច់ប្រាក់វិជ្ជមាន ខណៈដែលការបង្កើនប្រាក់ចំណេញនឹងជួយឲ្យអាជីវកម្មឈរជើងបានយូរ៕