ដោយ៖ សុផារី
សៀមរាប៖ បើតាមអត្ថបទចាត់លំដាប់របស់វេបសាយអន្តរជាត់ល្បីល្បាញ Touropia ចុះផ្សាយកាលពីដើមខែធ្នូនេះ ប្រាសាទអង្គរវត្តជាប្រាសាទមានភាពល្បីល្បាញបំផុតនៅអាសុី។
តាមរយៈវេបសាយនេះ ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏ធំសម្បើមមួយនៅអង្គរ ដែលសាងសង់ឡើងសម្រាប់ព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដែលអង្គរជាប្រាសាទនិងជារាជធានីរបស់ព្រះអង្គ។ អង្គរវត្តជាប្រាសាទតែមួយគត់នៅតំបន់អង្គរដែលនៅតែជាមជ្ឈមណ្ឌលសាសនាចាប់តាំងពីការស្ថាបនាដំបូង ដែលដំបូងជាប្រាសាទរបស់សាសនាហិណ្ឌូ បន្ទាប់មកជាប្រាសាទសម្រាប់ពុទ្ធសាសនា។
វេបសាយនេះក៏លើកសសើរថា គ្មានទ្វីបណាមួយនៅលើភពផែនដីមានប្រាសាទច្រើនដូចអាស៊ីទេ។ នេះប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារអាស៊ីជាកន្លែងកំណើតនៃសាសនាសំខាន់ៗរបស់ពិភពលោក ក៏ដូចជាជំនឿជាច្រើនទៀត មាន ពុទ្ធសាសនា ហិណ្ឌូ សាសនាចេន សាសនាស៊ីក និងសាសនាតាវ គឺជាការបំផុសគំនិតសម្រាប់ប្រាសាទល្បីៗមួយចំនួននៅលើពិភពលោក៕