ការងារចំនួន៥ដែលរំពឹងថានឹងមានតម្រូវការខ្ពស់នៅឆ្នាំ២០២២ខាងមុខ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាឆ្នាំដែលពិភពលោកបានជួបប្រទះ នឹងវិបត្តិធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ១៩ ហើយប្រជាពលរដ្ឋជាច្រើនទូទាំងពិភពលោក ក៏បានបាត់បង់ឱកាសការងារ ក្នុងវិបត្តិកូវីដ១៩នេះដែរ សម្រាប់ឆ្នាំ២០២២ខាងមុខនេះ ប្រទេសមួយចំនួនរួមទាំងកម្ពុជាក៏មានក្ដីសង្ឃឹមថា នឹងមានភាពល្អប្រសើរឡើងវិញ ជាមួយនឹងកំណើនសេដ្ឋកិច្ច ការងារនិងប្រាក់ចំណូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកជំនាញហិរញ្ញវត្ថុបានបង្ហាញការងារចំនួន៥ នឹងមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ២០២២ ខាងមុខនេះវិញ ក្នុងនោះរួមមាន

១.  អ្នកជំនាញទីផ្សារឌីជីថល (Digital Marketing Specialist

ដោយសារសម័យនេះ គេនិយមប្រើបណ្តាញសង្គម ដូច្នេះក្រុមហ៊ុននីមួយៗ ដើម្បីដើរឲ្យទាន់សម័យកាល ក៏នាំគ្នាផ្លាស់ប្តូរទម្រង់នៃការធ្វើទីផ្សារពីបែបប្រពៃណី ងាកមកបែបឌីជីថលវិញ។ ហេតុនេះហើយទើបក្រុមហ៊ុននីមួយៗ នឹងត្រូវការអ្នកជំនាញផ្នែកឌីជីថល ដែលអាចធ្វើទីផ្សាររបស់ក្រុមហ៊ុនខ្លួន ឲ្យសមស្របជាមួយនឹងបរិបទសង្គមថ្មី។

២.  អ្នករចនាក្រាហ្វិច (Graphic Designer)

ដើម្បីធ្វើទីផ្សារឌីជីថលឲ្យបានជោគជ័យ គឺយើងទាមទារឲ្យមានរូបភាពសម្រាប់អតិថិជន នៅក្នុងបណ្តាញសង្គមបានឃើញ ដូច្នេះហើយទើប Graphic designer ឬក៏អ្នករចនាក្រាហ្វិចចូលខ្លួនមក ដោយពួកគាត់ជាអ្នករចនារាល់មាតិកា ដែលអ្នកជំនាញទីផ្សារឌីជីថលបានកំណត់ឱ្យធ្វើ។

៣. អ្នកស្រាវជ្រាវ (Researcher)

ពីមួយឆ្នាំទៅមួយឆ្នាំ យើងអាចឃើញបានថា មុខជំនាញនេះកាន់តែមានតម្រូវការ ដោយសារតែការស្រាវជ្រាវ កាន់តែមានភាពសំខាន់ៗទៅពីមួយថ្ងៃទៅមួយថ្ងៃ។ របកគំហើញនានា រួមទាំងទ្រឹស្តីក្នុងការអនុវត្តអ្វីមួយសុទ្ធសឹងតែកើតមកពីការស្រាវជ្រាវ ដូច្នោះហើយជំនាញមួយនេះនឹងមានតម្រូវការខ្ពស់ជាមួយនឹងប្រាក់កំរៃមួយដ៏សមប្រកប។

៤. អ្នករចនា UX/UI (UX/UI Designer)

អ្វីៗផ្លាស់ប្តូរមកប្រព័ន្ធឌីជីថលទាំងអស់ ហើយម្នាក់ៗសុទ្ធតែមានទូរស័ព្ទដៃរៀងៗខ្លួន ទើបក្រុមហ៊ុននីមួយៗ នឹងត្រូវការអ្នកជំនាញក្នុងការបង្កើតនិងរចនាផ្ទៃកម្មវិធីទូរស័ព្ទ (application interface) ដើម្បីឲ្យមានភាពទាក់ទាញដើម្បីបង្កើតកំណើនអតិថិជន។

៥. អ្នកអភិវឌ្ឍគេហទំព័រ (Web Developer)

មានចំណុចប្រហាក់ប្រហែលទៅនឹងអ្នករៀបចំ  UX/UI ដែរ ដោយគ្រាន់តែ Web Developer គឺពួកគាត់ផ្តោតទៅលើការបង្កើតគេហទំព័រ។ ការបង្កើតគេហទំព័រនេះ ក៏មានសារៈសំខាន់ខ្លាំងណាស់ដែល ដោយអតិថិជន អាចចូលស្វែងរកពីព័ត៌មានរបស់ផលិតផល របស់ក្រុមហ៊ុនណាមួយបានយ៉ាងងាយស្រួល។

ក្រៅពីការងារទាំង៥នេះ  ក៏មានការងារជាច្រើនទៀត នឹងមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០២២នេះដែរ ។ សម្រាប់កម្ពុជា ការងារដែលកំពុងពេញនិយមនឹងអាចរកចំណូលបានខ្ពស់ គឺការងារក្នុងវិស័យអចលនទ្រព្យ ការងា​រក្នុងវិស័យសំណង់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here