ដោយ: ម៉ាលីស
សៀមរាប: រដ្ឋបាលស្រុកបន្ទាយស្រី បានប្រារព្ធពិធីបុណ្យខ្លែង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងមានការចូលរួមយ៉ាងច្រើនកុះករពីមហាជន មកពីគ្រប់ទិសទី ក្នុងគោលដៅលើកកម្ពស់ប្រពៃណីវប្បធម៌ជាតិ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ក្នុងឱកាសបើកកម្មវិធីបុណ្យខ្លែង ស្ថិតនៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា ការប្រារព្ធបុណ្យខ្លែងជាព្រឹត្តិការណ៍ដំបូង ដែលរដ្ឋបាលស្រុកបានបង្កើតឡើង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ឱ្យស្របនឹងការបើកឡើងវិញ នៃវិស័យទេសចរណ៍ ដែលបានផ្អាកមួយរយៈពេលដោយសារជំងឺកូវីដ១៩ និងមានគោលដៅង្កើតកម្មវិធីនេះឱ្យទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។
លោកបន្តថា ក្នុងនាមជាស្រុកដែលមានសក្តានុពលលើវិស័យទេសចរណ៍ អាជ្ញាធរស្រុកតែងតែសម្លឹងមើល ដើម្បីរកលទ្ធភាពក្នុងការបង្កើតព្រឹត្តិការណ៍ផ្សេងទៅតាមរដូវកាល ឱ្យភ្ញៀវទេសចរមកទស្សនាស្រុកបន្ទាយស្រីមិនចេះជិនណាយ។
លោកបានបន្តថា ប្រភេទព្រឹត្តិការណ៍ ដែលមិនមានភាពស្មុគស្មាញច្រើន ជាព្រឹត្តិការណ៍ដែលមិនមានហានិភ័យទៅនឹងបញ្ហាជំងឺកូវីដ ហើយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការចាប់អារម្មណ៍ នោះជារឿងប្រសើរហើយ ដែលក្រុមការងារបានពិភាក្សាហើយសម្រេចថាយើងនឹងបង្កើតជាព្រឹត្តិការណ៍ផ្សេងៗ។ ឧទាហរណ៍ បុណ្យខ្លែងនេះ តាមពិតទៅសូម្បីតែនៅថ្នាក់ជាតិក៏យើងបានរៀបចំជាប្រចាំដែរ ដោយជាជំនឿបែបប្រពៃណី បែបសាសនាដែលច្រើនកើតឡើងនៅពេលប្រមូលផល គឺគោលដៅមួយក្នុងការបង្ហោះខ្លែងទៅលើមេឃបង្ហាញថាដល់រដូវប្រាំង ដល់រដូវក្រោយពេលច្រូតកាត់ហើយ។
នៅក្នុងព្រឹត្តិការណ៍បុណ្យខ្លែងនេះមានថ្នាក់ដឹកនាំស្រុកនិងប្រជាពល រដ្ឋចូលរួមបង្ហោះខ្លែងយ៉ាងច្រើន ដោយភាគច្រើនជាខ្លែងឯកដែលមានលម្អក្បូរក្បាច់យ៉ាងស្រស់ស្អាតដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ ហើយទទួលបានការគាំទ្រយ៉ាងខ្លំាងពីអ្នកចូលរួម។
ក្រៅពីការប្រារព្ធបុណ្យខ្លែងនេះ រដ្ឋបាលស្រុក ក៏គ្រោងនឹងបង្កើតឱ្យមានពិព័រណ៌ម្ហូបអាហារជនបទ នៅក្នុងភូមិព្រះដាក ដើម្បីអបអរ សាទរពិធីបុណ្យចូលឆ្នាំសកល ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដើម្បីបង្ហាញពីមុខម្ហូបប្រចាំតំបន់យ៉ាងឆ្ងាញ់ពិសាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕