ដោយ៖ ស្រីលិះ
រដ្ឋាភិបាលថៃរំពឹងថា ពាណិជ្ជកម្មឆ្លងព្រំដែននឹងកើនឡើងរហូតដល់ ៨ ដល់ ៩ភាគរយនៅក្នុងឆ្នាំនេះ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ការធ្លាក់ចុះនៃប្រាក់បាតថៃ និងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មថៃ ដើម្បីពន្លឿនការបើកច្រកព្រំដែនឡើងវិញ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit នាពេលថ្មីៗនេះបាននិយាយថា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរួម ដែលរួមមានទាំងពាណិជ្ជកម្មឆ្លងកាត់ផងដែរនោះ ទំនងជានឹងកើនឡើងពី ៨-៩ភាគរយនៅក្នុងឆ្នាំនេះ ពោលគឺកើនឡើងពីការប៉ាន់ប្រមាណពី ៤-៥ភាគរយដែលបានធ្វើឡើងកាលពីខែមុន។
លោក Jurin បាននិយាយថា ពាណិជ្ជកម្មឆ្លងព្រំដែន ដែលរួមទាំងពាណិជ្ជកម្មឆ្លងកាត់ដែរនោះ បានកើនឡើងដល់តម្លៃ១,៤២ទ្រីលានបាត (៤២,៥ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២១ ដោយបានប្រកាសអំពីការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៣១,៧ភាគរយ។ ក្នុងចំណោមនោះ ការនាំចេញមានតម្លៃ៨៦០ប៊ីលានបាត ដែលកើនឡើង៣៧,៤ភាគរយ ខណៈដែលការនាំចូលកើនឡើង ២៣,៩ភាគរយដល់តម្លៃ៥៦៤ប៊ីលានបាត។
កាលពីឆ្នាំមុន ពាណិជ្ជកម្មតាមព្រំដែនរួម ដែលរួមមានទាំងពាណិជ្ជកម្មឆ្លងកាត់នោះបានធ្លាក់ចុះ១,៧ភាគរយពីឆ្នាំ២០១៩ ដោយមានតម្លៃត្រឹម១,៣១ទ្រីលានបាត។ ការធ្លាក់ចុះកាលពីឆ្នាំមុនត្រូវបានសន្មតថាដោយសារតែការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ និងការបិទច្រកត្រួតពិនិត្យតាមព្រំដែនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក Jurin បាននិយាយថា បើទោះបីជាមានការឆ្លងរាលដាលជំងឺរាតត្បាតក៏ដោយ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនបានដំណើរការយ៉ាងល្អនៅក្នុងឆ្នាំនេះ ដោយលោកបាននិយាយបន្ថែមថា កត្តាដែលពង្រីកពាណិជ្ជកម្មតាមព្រំដែនរួមមាន ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ការធ្លាក់ថ្លៃនៃប្រាក់បាតថៃ និងការបើកច្រកព្រំដែនឡើងវិញយ៉ាងឆាប់រហ័ស។
ប្រទេសថៃបានបើកឡើងវិញនូវប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនចំនួន៤៨ ដែលរួមទាំងប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនតាកបៃ និងប៊ូកេតា នៅក្នុងខេត្តណារ៉ាធីវ៉ាត់កាលពីពាក់កណ្តាលខែមុន។ ប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនមួយចំនួន ៤៩ផ្សេងទៀតនៅតែត្រូវបានបិទដោយសារតែជំងឺរាតត្បាត។ ប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនមួយទៀតត្រូវបានគេរំពឹងថានឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះ គឺប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនបានណងអៀន ក្នុងខេត្តស្រះកែវជាប់ព្រំដែនកម្ពុជា។ អាជ្ញាធរខេត្តណងខៃ គ្រោងនឹងបើកច្រកព្រំដែនជាមួយប្រទេសឡាវឡើងវិញនៅថ្ងៃទី២៤ ខែធ្នូ៕