សហគ្រិនខ្មែរប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១ ដើម្បី លើកស្ទួយវិស័យសហគ្រិនភាពកម្ពុជា

ដោយ៖ សុធារី

ភ្នំពេញ៖ សហគ្រិនខ្មែរបានរៀបចំកម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១” ដើម្បីផ្តល់ការលើកទឹកចិត្តនិងលើកស្ទួយវិស័យសហគ្រិនភាពនៅកម្ពុជា ដោយមានការចូលរួមពីលោក វង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១” ត្រូវបានរៀបចំអស់រយៈពេលពេញ១ឆ្នាំ ជាលទ្ធផលមានជ័យលាភីសរុបចំនួន១៤ពាន៖ “ពានរង្វាន់ពន្លកសហគ្រិនខ្មែរ” (Highschool Awards) មាន៣ពានរង្វាន់ បានសហការជាមួយដៃគូ DancingRains ផ្តោតលើសិស្សានុសិស្សវិទ្យាល័យ ដើម្បីទទួលបានការជម្រុញឲ្យក្លាយជាទំពាំងស្នងឬស្សី ក្នុងវិស័យសហគ្រិនភាព។

“ពានរង្វាន់សហគ្រិនក្នុងធុរកិច្ចបង្កើតថ្មី” (Startup Awards) មាន៦ពានរង្វាន់ ដែលបាន សហការជាមួយដៃគូ Mango Tango Asia ផ្តល់ជាវេទិកាក្នុងការបង្ហាញពីគំនិតផ្តួចផ្តើម ដើម្បីបំប្លែងគំនិតទាំងនោះជាអាជីវកម្មដែលមានតំរូវការ ក្នុងទីផ្សារ។

“ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា” (SME Awards) មាន៥ពានរង្វាន់ ដែលមាន កិច្ចសហការពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងគោលបំណងបង្កើតបរិយាកាសសមរម្យ ក្នុងការផ្សព្វផ្សាយបន្ថែមពីអាជីវកម្មជាសាធារណៈ បង្កើត បណ្ដាញទំនាក់ទំនងជាមួយដៃគូវិនិយោគ ជួយសម្រួលនិតិវិធីប្រតិបត្តិការ និង ការអនុលោមតាមច្បាប់ដែលគាំទ្រដល់ការលូតលាស់របស់ សហគ្រាសធនតូចនិងមធ្យម។

លោកវង្សី វិស្សុត បានមានប្រសាសន៍ថា “កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១ ជាសកម្មភាពមួយក្នុងចំណោមកម្មវិធីស្នូលរបស់សហគ្រិនខ្មែរ ក្នុងការលើកស្ទួយវិស័យសហគ្រិនភាព នៅកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិន ឱ្យបានសិក្សា រៀនសូត្រ សាកល្បងសមត្ថភាព និងកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យកាន់តែ មានភាពប្រទាក់ក្រឡា និងរឹងមាំ ដើម្បីកសាងមេទ័ពឬអ្នកដឹកនាំពូកែៗក្នុងវិស័យឯកជនដើម្បីប្រយុទ្ធ ប្រកួតប្រជែងក្នុងសមរភូមិសេដ្ឋកិច្ចក្នុងគោលដៅនៃការកសាងភាពរឹងមាំ ភាពធន់ និងទ្រទ្រង់ចីរភាព កំណើននៃសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង”។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាឲ្យបានទូលំទូលាយ និងគ្របដណ្តប់សហគ្រិនគ្រប់ប្រភេទ សំដៅបង្កើន សហគ្រិនជំនាន់ថ្មី ដែលនឹងជំនួស ឬបន្ថែម ជាធនធានមនុស្ស ដើម្បីបង្កើតអាជីវកម្មបែបថ្មីឱ្យកាន់តែច្រើន៕”

LEAVE A REPLY

Please enter your comment!
Please enter your name here