ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្មរកបានចំណូលប្រមាណ៥៣,០១ពាន់លានរៀលឬស្មើនឹងប្រមាណជាង១៣លានដុល្លារអាមេរិក ក្នុងនោះការចំណាយរបស់ក្រសួងពាណិជ្ជកម្មក៏មានប្រមាណជាង៧២ពាន់លានរៀលផងដែរ គិតជាដុល្លារប្រមាណ១៨លានដុល្លារអាមេរិក។
បើយោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ធ្នូ២០២១នេះ បានឱ្យដឹងថា ចំណូលដែលក្រសួងពាណិជ្ជកម្មទទួលបានមានមកពីកម្រៃជើងសារសេវាសាធារណៈ និងការពិន័យជាប្រាក់ ដូចជា វិញ្ញាបនបត្រប្រភពដើមទំនិញ ការចេញអាជ្ញាបណ្ណ និងសេវាពាក់ព័ន្ធមានចំណូលជាង២៦,៨៣ពាន់លានរៀល ការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធ មានចំណូលជាង៨,៥៥ពាន់លានរៀល ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធមាន១៤,២៩ពាន់លានរៀល ការតម្កល់លិខិតជូនដំណឹងមានកិច្ចធានាទទួលបានចំណូល៣៧១,៧លានរៀល កិច្ចការពិព័រណ៍ទទួលបានចំនូល២,៨លានរៀលចំណូលពីអគ្គនាយកដ្ឋាន ក.ប.ប ទទួលបានចំនូលប្រមាណជាង១,៩ពាន់លានរៀល និងចំណូលពីកិច្ចសន្យាដូចជាការជួលដីទំនេរ ការជួលដីមានអគារទទួលបានជាង១ពាន់លានរៀលផងដែរ ។
ដោយឡែក ស្ថានភាពចំណាយរបស់ក្រសួងពាណិជ្ជកម្មគិតត្រឹមខែវិច្ឆិកា២០២១ ក្រសួងបានចំណាយអស់ប្រមាណ៧២ពាន់លានដុល្លារអាមេរិកឬស្មើ៧០,០៨ភាគរយធៀបនឹងផែនការថវិកាឆ្នាំ២០២១ ដែលមានចំនួន១០២,៨១ពាន់លានរៀល។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា នៅក្នុងផ្នែកសង្គម សេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន១០ជុំ រួចមកហើយ និងបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី ដើម្បីជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជួយដល់សហគ្រិនធុនតូច និងមធ្យម កម្មករនិយោជិត និងគ្រួសារក្រីក្រ។
លោកបន្តថា ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការជំរុញ ផលិតផលទាំងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ៕