មន្រ្តីពាណិជ្ជកម្មកម្ពុជា អាមេរិកពិភាក្សាគ្នាដើម្បីជម្រុញវិបុលភាព

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក ទិ​ត រិទ្ធី​ពល បានទទួល​ជួបពិភាក្សា​ការងារ​ ជាមួយ​លោកស្រី Wallis Yu នាយក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ​ទាក់ទង​នឹង​បច្ចុប្បន្នភាព​ នៃ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។​

បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងកាលពីថ្ងៃទី១៨ ឧសភាថា កិច្ចពិភាក្សា​ក៏មាន​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចូលរួម​ផងដែរ​នោះ លោកស្រី Wallis Yu បាន​លើកយក​នូវ​ចំណុច​សំខាន់ៗ​ ដែលមាន​នៅក្នុង​កិច្ចព្រមព្រៀង​ស្តីពី ​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក ដូចជា​ ការធ្វើ​បច្ចុប្បន្ន​ភាពទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា ការដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម និង​ការដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ការងារ​។​់

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ទិ​ត រិទ្ធី​ពល បានធ្វើ​បច្ចុប្បន្នភាព​លើ​កិច្ចការ​ទាំងនោះ ពិសេ​ស​ការ​រំលេច​ ពី​ការចូលរួម​យ៉ាងសកម្ម ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ពង្រឹង​ការការពារ និង​ការលើកស្ទួយ​វិស័យ​កម្មសិទ្ធិបញ្ញា តាមរយៈ​ការចូល​របស់​កម្ពុជា​ ក្នុង​អនុសញ្ញា​ទីក្រុង​ប៊ែ​នស្តីពី​កិច្ចការ​ការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ ការបញ្ចប់​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការសម្ងាត់​ពាណិជ្ជកម្ម និង​ព័ត៌មាន​មិន​ទម្លាយ​ចេញ ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ វិធានការ​រដ្ឋបាល​សម្រាប់​អនុវត្ត​កម្មសិទ្ធិបញ្ញា​កម្ពុជា ក៏ដូចជា​ការស៊ើបអង្កេត និង​បង្ក្រាប​ករណី​ពាក់ព័ន្ធ​ទំនិញ​ក្លែងក្លាយ ដែល​ត្រូវបាន​រកឃើញ​មួយចំនួន ​នៅក្នុង​ទីផ្សារ​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

អនុរដ្ឋលេខាធិការ បាន​ជម្រាប​ពី​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​ផ្អែកលើ​គោលការណ៍​ឈ្នះ​ឈ្នះ និង​ការអនុម័ត​កាតព្វកិច្ច​អន្តរជាតិ​បន្ថែម ពិសេស​ការបន្ត​សុពលភាព​កម្មវិធី Better Factories Cambodia (BFC) រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ពលកម្ម​អន្តរជាតិ កា​លពី​ខែតុលា ឆ្នាំ​២០២២ កន្លងទៅ​។

បើតាម​ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធ​នឹង​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី​៦ នៃ​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា​-​អាមេរិក (TIFA) ភាគី​ទាំង​២​នឹង​បន្ត​ដោះស្រាយ​កិច្ចការ​សំខាន់ៗ​ កម្រិត​ក្រុមការងារ​បច្ចេកទេស​ឱ្យ​រួចរាល់​ឆាប់ៗ មុននឹង​កំណត់​កាលបរិច្ឆេទ​សមរម្យ សម្រាប់​រៀបចំ​កិច្ចប្រជុំ ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី​៦ ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក តាម​ការសន្យា​របស់​ថ្នាក់ដឹកនាំ​នៃ​ភាគី​ទាំង​២​ អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នៅ​ខេត្តសៀម​រាប កាលពី​ខែតុលា ឆ្នាំ​២០២២ កន្លងទៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here