ប្រទេសវៀតណាមនឹងសម្រេចបានកំណើនទ្រព្យសម្បត្តិខ្ពស់ បំផុតក្នុងរយៈពេល១០ឆ្នាំខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: កំណើន​ទ្រព្យសម្បត្តិនៅប្រទេសវៀតណាម ​នឹង​​កើនឡើង​ខ្លាំង​បំផុត​ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ ដោយសារ​ប្រទេស​នេះ​បាន និងកំពុងពង្រឹង​ឋានៈ​របស់ខ្លួន ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ពិភពលោក​។

កំណើនទ្រព្យសម្បត្តិរបស់ប្រទេសវៀតណាម ត្រូវបានគណនាដោយយោងទៅតាម GDP សម្រាប់មនុស្ស ឬប្រជាជនម្នាក់ៗ និងចំនួនមហាសេដ្ឋីនៅក្នុងប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន ​ស៊ើបការណ៍​ទ្រព្យសម្ប ត្តិ​ពិភពលោក New World Wealth និងក្រុមហ៊ុន Henley & Partners បានបង្ហាញថា ប្រទេសវៀតណាមត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើនទ្រព្យសម្បត្តិ ចំនួន១២៥% ក្នុងរយៈពេល១០ឆ្នាំខាងមុខ តាមពីក្រោយដោយប្រទេសឥណ្ឌា ដែលនឹងសម្រេចបានកំណើនទ្រព្យសម្បត្តិចំនួន១១០%។

លោក Andrew Amoils អ្នកវិភាគរបស់ក្រុមហ៊ុន New World Wealth បានថ្លែងប្រាប់កាសែត CNBC ថា វៀតណាមគឺជាមូលដ្ឋានផលិតកម្មដ៏ពេញនិយម សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាតិសាសន៍ ក្រុមហ៊ុនផលិតយានយន្ត អេឡិចត្រូនិក សម្លៀកបំពាក់ និងវាយនភណ្ឌ។

លោក Amoils បានបន្តថា ប្រទេសវៀតណាម ត្រូវបានគេយល់ឃើញថា ជាប្រទេសដែលមានសុវត្ថិភាពខ្ពស់ បើធៀបជាមួយនឹងប្រ ទេសដទៃទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការលើកទឹកចិត្តបន្ថែមដល់ក្រុមហ៊ុននានា ក្នុងការរៀបចំប្រតិបត្តិការផលិតកម្មនៅក្នុងស្រុក។

ក្រុមហ៊ុន McKinsey បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា“ទីតាំងយុទ្ធសាស្ត្រ របស់ប្រទេសវៀតណាម ថ្លៃចំណាយទាបលើកម្លាំងពលកម្ម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់ការនាំចេញ បានប្រែក្លាយវៀតណាមទៅជា “គោលដៅដ៏សំខាន់” សម្រាប់ការវិនិយោគអន្តរជាតិ។

កំណើនសេដ្ឋកិច្ចរបស់វៀតណាម នៅឆ្នាំ២០២៣ បានធ្លាក់ចុះមកនៅត្រឹម៥,០៥% បើធៀបនឹងការកើនឡើង៨,០២% ក្នុងឆ្នាំ២០២២ ដោយសារតម្រូវការសកលធ្លាក់ចុះ និងការជាប់គាំងនៃគម្រោងវិនិយោគសាធារណៈ។ ចំណែក វិស័យផលិតកម្មបានគ្របដណ្តប់ចំនួនមួយភាគបួន នៃផលទុនជាតិសរុបរបស់វៀតណាម។

កាលពី១០ឆ្នាំមុន GDP របស់វៀតណាមសម្រាប់ប្រជាជនម្នាក់ៗ មានទំហំទឹកប្រាក់ប្រហែល២.១៩០ដុល្លារ និងកើនឡើងជិតទ្វេរដងដល់៤.១០០ដុល្លារ សម្រាប់មនុស្សម្នាក់ៗកាលពីឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីធនាគារពិភពលោក។

លោក Andy Ho ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន VinaCapital Group បានបញ្ជាក់ប្រាប់កាសែត CNBC តាមរយៈសារអុីមែលថា “ប្រទេសវៀតណាមកំពុងអភិវឌ្ឈន៍ ទៅមុខយ៉ាងឆាប់​រហ័ស ហើយប្រជាជនភាគច្រើន កំពុងទទួលបានអត្ថប្រយោ​ជន៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here