តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃអង្គារនេះ ខណៈតម្លៃប្រាក់ដុល្លារអាមេរិកបានងើបឡើងវិញបន្តិច បន្ទាប់ពីដាំក្បាលចុះនាពេលថ្មីៗនេះ ដោយសារក្រុមអ្នកវិនិយោគមានក្តីសង្ឃឹមខ្ពស់លើការបញ្ចុះអត្រាការប្រាក់របស់ធនាគារ Fed នៅឯកិច្ចប្រជុំក្នុងខែកញ្ញាខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៨ភាគរយដល់២៥០៧,៣៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥%ដល់២៥៤២,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥១៦,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៥៥,២០ដុល្លារក្នុងមួយអោន។
ទោះជាយ៉ាងណា លោក Peter Grant អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់នៅក្រុមហ៊ុន Zaner Metals បានអះអាងថា ការថ្លែងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក(Fed) និងហានិភ័យភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា ជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារមាស។
បច្ចុប្បន្ន ទីផ្សារបន្តរំពឹងឃើញឱកាស៧១,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងបន្តិចដល់១០០,៨៨ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៨៥ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៤%ដល់២៩,៩០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ១,០៨%ដល់៩៦២,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,០៦%ដល់៩៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕