តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីតម្លៃប្រាក់ដុល្លារបានស្ទុះងើបឡើងវិញ ដោយសារទិន្នន័យទីផ្សារការងារអាមេរិកបានជួយកាត់បន្ថយក្តីបារម្ភរបស់អ្នកវិនិយោគចំពោះលទ្ធភាពនៃការផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ច។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៧ភាគរយដល់២៥១៤,២៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៩%ដល់២៥៤៧,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥២១,១៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៦០,៣០ដុល្លារក្នុងមួយអោន។
ចំនួនពលរដ្ឋអាមេរិកឥតមានការងារធ្វើ និងបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាលប្រចាំសប្តាហ៍ បានថយចុះ២.០០០នាក់មកនៅត្រឹម២៣១.០០០នាក់កាលពីសប្តាហ៍មុន បើធៀបនឹងការព្យាករណ៍របស់សារពត៌មាន Reuters ចំនួន២៣២.០០០នាក់។
បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់១០១,៣៩ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៣៤ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦៥%ដល់២៩,៧៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,២៤%ដល់៩៤៣,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៤%ដល់៩៧៦,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក៕