តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្តួចក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានពិចារណាថ្លឹងថ្លែងពីក្តីកង្វល់ជុំវិញការផ្គត់ផ្គង់នៅតំបន់មជ្ឈិមបូព៌ា និងសញ្ញានៃការធ្លាក់ចុះតម្រូវការប្រេងឥន្ធនៈនៅក្នុងប្រទេសចិន។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែវិច្ឆិកាបានធ្លាក់ចុះ៧សេនមកនៅត្រឹម៧៨,៧៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0033 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានធ្លាក់ចុះ១១សេនមកត្រឹម៧៥,៨០ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួនពលរដ្ឋអាមេរិកឥតមានការងារធ្វើ និងបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាលប្រចាំសប្តាហ៍ បានថយចុះ២.០០០នាក់មកនៅត្រឹម២៣១.០០០នាក់កាលពីសប្តាហ៍មុន បើធៀបនឹងការព្យាករណ៍របស់សារពត៌មាន Reuters ចំនួន២៣២.០០០នាក់។

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់១០១,៣៩ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ  បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៣៤ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃសុក្រនេះ ខណៈកំណើនសេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានកែសម្រួលសារជាថ្មីកើនឡើងដល់៣ភាគរយនៅត្រីមាសទី២ បើធៀបនឹងទិន្នន័យចេញផ្សាយលើកដំបូងក្នុងរង្វង់២,៨ភាគរយ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,៦៤ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,៦៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ១,៧២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ១,៣៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here