ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីមួយបានរកឃើញថា ប្រទេសសិង្ហបុរីនឹងទទួលបានអត្ថប្រយោជន៍ ពីការដកខ្លួនរបស់បណ្តាក្រុមហ៊ុននានាចេញពីទីក្រុងហុងកុង ខណៈឋានៈរបស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកកំពុងរង្គោះរង្គើរ។
អង្គភាពស៊ើបការណ៍សម្ងាត់ផ្នែកសេដ្ឋកិច្ច(EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីថា “យើងជឿជាក់ថា ទីក្រុងសិង្ហបុរីមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសពីក្រុមហ៊ុននៅហុងកុង”។
អង្គភាពស៊ើបការណ៍សម្ងាត់ផ្នែកសេដ្ឋកិច្ច(EIU) អះអាងថា ការអនុវត្តន៍ទាន់ពេលវេលានូវកំណែទម្រង់ល្អនឹងធ្វើឱ្យសិង្ហបុរីក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនក្នុងរយៈពេលវែង។
លំហូរទ្រព្យសម្បត្តិឯកជន និងដើមទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់បានហូរចូលទៅក្នុងទីក្រុងសិង្ហបុរី ដោយសាររដ្ឋាភិបាលសិង្ហបុរីបានបង្កើតទីផ្សារងាយស្រួលសម្រាប់ការប្រកបអាជីវកម្ម និងការកំណត់យកអត្រាពន្ធទាប។
រដ្ឋាភិបាលសិង្ហបុរីបានធ្វើកំណែទម្រង់ថ្មីនៅលើទីផ្សារភាគហ៊ុន តាមរយៈការផ្តល់សិទ្ធិឱ្យមូលនិធិឯកជន ដូចជាការិយាល័យគ្រួសារអាចចូលរួមក្នុងទីផ្សារភាគហ៊ុន និងអនុញ្ញាតឱ្យមានការវិនិយោគលើមូលនិធិគ្រប់គ្រងដោយរដ្ឋ។
ក្រុមអ្នកវិភាគរបស់អង្គភាពស៊ើបការណ៍សម្ងាត់ផ្នែកសេដ្ឋកិច្ច(EIU) បានលើកឡើងថា ស្របពេលទីក្រុងហុងកុងបានរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក លំហូរវិនិយោគផ្ទាល់ពីបរទេស និងក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានសម្រុកចាកចេញពីទីក្រុងនេះ”។
បញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យាបានធ្វើឱ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្តលើទីផ្សាររបស់ហុងកុង។ ជាក់ស្ដែង ទំហំទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយលក់មូលប័ត្រជាសាធារណៈលើកដំបូង(IPO) នៅទីក្រុងហុងកុងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំ៕ប្រភព: Vnexpress៕