កូរ៉េខាងត្បូងប្រទះឃើញកំណប់ធនធានប្រេងថ្មីនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃ ប្រទេសវៀតណាម

ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុនអភិវឌ្ឍន៍ធនធានថាមពលកូរ៉េខាងត្បូង SK earthon ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SK Innovation បានប្រកាសពីការរកឃើញទុនបម្រុងប្រេងថ្មីមួយនៅក្រោមបាតសមុទ្រក្នុងដែនទឹករបស់ប្រទេសវៀតណាម។

ទុនបម្រុងថ្មីនេះ មានទីតាំងនៅប្លុក 15-2/17 ក្នុងអាង Cuu Long នៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ ក្រុមហ៊ុន SK earthon បានចាប់ផ្តើមរុករកប្រេងនៅក្នុងប្លុក 15-2/17 ដែលមានចម្ងាយ៦៤គីឡូម៉ែត្រពីទីក្រុងហូជីមិញក្នុងឆ្នាំ២០១៩។

ចំណែក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក Murphy Oil Corp. ដែលកាន់កាប់សិទ្ធិធ្វើប្រតិបត្តិការនៅប្លុក 15-2/17 ក៏បានគូសបញ្ជាក់ពីការរកឃើញនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង SK earthon បានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ខាងលើ ដោយកាន់កាប់ចំណែកភាគហ៊ុនចំនួន២៥ភាគរយ។ ចំណែក ក្រុមហ៊ុន Murphy Cuu Long Tay Oil ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Murphy Oil កាន់កាប់ភាគហ៊ុនចំនួន៤០ភាគរយ ខណៈក្រុមហ៊ុនរបស់រដ្ឋាភិបាលវៀតណាម Petro Vietnam Exploration Production កាន់កាប់ភាគហ៊ុននៅសេសសល់ចំនួន៣៥ភាគរយ។

ក្រុមហ៊ុន SK earthon បានអះអាងថា ប្លុក 15-2/17 មានសក្តានុពលខ្ពស់សម្រាប់ការស្តុកទុកថាមពល ព្រោះប្លុកនេះស្ថិតនៅជាប់នឹងប្លុក 15-1 និងប្លុក 15-1/05 ដែលជាប្រភពផលិតប្រេងឥន្ធនៈច្រើនជាងគេទីពីរសម្រាប់ប្រទេសវៀតណាម។ បច្ចុប្បន្ន អាង Cuu Long ក៏ផលិតបានចំនួនជាង៥០ភាគរយនៃធនធានឧស្ម័ន និងប្រេងរបស់ប្រទេសវៀតណាមទាំងមូល។

ជា​ធម្មតា ដំណើរ​ការ​នៃការរុករក​ប្រេង​នៅ​ឈូង​សមុទ្រ​​ត្រូវបានធ្វើ​ឡើង​តាម​ដំណាក់​កាល​បន្តបន្ទាប់​គ្នា​ចំនួន​៣ រួមមាន ការ​ស្វែងរក ការ​អភិវឌ្ឍន៍ និង​ការ​ផលិត។ បច្ចុប្បន្ន ប្លុក 15-1/05 កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។

ការរកឃើញទុនបម្រុងប្រេងថ្មីចុងក្រោយបំផុតដោយក្រុមហ៊ុន SK earthon កើតឡើង បន្ទាប់ពីក្រុមហ៊ុននេះបានរកឃើញទុនបម្រុងប្រេងនៅប្លុក 16-2 ក្នុងដែនទឹកនៃប្រទេសវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ប្លុក 16-2 ជាគម្រោងដំបូងគេ ដែលក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិធ្វើប្រតិបត្តិការរុករកនៅក្នុងប្រទេសវៀតណាម៕ប្រភព: Korea times៕

LEAVE A REPLY

Please enter your comment!
Please enter your name here