ក្រុមអ្នកវិភាគអះអាងថា តម្លៃខុនដូនៅក្នុងទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនបានបង្កើតអតុល្យភាពទីផ្សារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគអចលនទ្រព្យបានលើកឡើងថា បណ្តាអ្នកអភិវឌ្ឍន៍ខុនដូនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនគួរពិចារណាលើការបញ្ចុះតម្លៃខុនដូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការរបស់អ្នកទិញនាពេលបច្ចុប្បន្ន។

លោក Anthony Gerard O. Leuterio ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Filipino Homes បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយសារពត៌មាន BusinessWorld ថា “ខុនដូ ដែលមានតម្លៃថ្លៃទាំងនេះមិនត្រូវគ្នានឹងលទ្ធភាពរបស់អ្នកទិញផ្ទះនាពេលបច្ចុប្បន្នទេ”។

លោក Anthony បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា “យើងបានសង្កេតឃើញមានអ្នកទិញច្រើនណាស់។ ប៉ុន្តែបញ្ហាស្ថិតនៅទ្រង់ថា ពួកគេមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញខុនដូនៅទីក្រុងម៉ានីលទៀតនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួនខុនដូនៅសេសសល់ ឬលក់មិនដាច់នៅក្នុងរដ្ឋធានីម៉ានីល (Metro Manila)បានកើនឡើងដល់ចំនួន៧៥.៣០០យូនីត ហើយអ្នកអភិវឌ្ឍន៍ត្រូវចំណាយពេលជិត៦ឆ្នាំដើម្បីលក់ចេញខុនដូទាំងនេះឱ្យអស់ទាំងស្រុង។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines។

លោក Joey Roi Bondoc អគ្គនាយករងក្រុមហ៊ុន Colliers Philippines បានអះអាងថា “ទីផ្សារខុនដូនៅទីក្រុងម៉ានីលកំពុងប្រឈមមុខនឹងបញ្ហានាពេលនេះ ហើយអ្នកអភិវឌ្ឍន៍ត្រូវតែបញ្ចុះតម្លៃខុនដូរបស់ខ្លួន”។

លោក Bondoc បានមានប្រសាសន៍ឱ្យដឹងបន្តថា “បណ្តាក្រុមហ៊ុនអចលនទ្រព្យនានាត្រូវចាប់ផ្តើមផ្អាកការផ្គត់ផ្គង់ខុនដូថ្មី ដើម្បីទប់ស្កាត់មិនឱ្យបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ មានសភាពកាន់តែធ្ងន់ធ្ងរ”។

លោកស្រី Lovelle Althea Trisha Taleon អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Santos Knight Frank បានលើកឡើងថា “ភាពស្ទាក់ស្ទើរចិត្តរបស់អ្នកទិញកើតឡើងដោយសារតែចំនួនអ្នកលក់មានច្រើនជាងចំនួនអ្នកទិញ និងដង់ស៊ីតេប្រជាជនខ្ពស់”។

លោកស្រីបញ្ជាក់ថា “អតិថិជនភាគច្រើននាពេលបច្ចុប្បន្ននេះបានងាកទៅវិនិយោគលើអចលនទ្រព្យនៅខាងក្រៅរដ្ឋធានីម៉ានីល ដូចជាផ្ទះ និងដីឡូតិ៍ ដែលមានទំហំធំទូលាយ និងផ្តល់ឯកជនភាពដល់អ្នកទិញ”៕ប្រភព: Business World ៕

LEAVE A REPLY

Please enter your comment!
Please enter your name here