រដ្ឋាភិបាលឥណ្ឌូនេស៊ី​បញ្ជាឱ្យផ្អាក​គម្រោងអភិវឌ្ឍ​ន៍អចលនទ្រព្យ​ដ៏ធំមួយដែល​រួមមានម៉ាកយីហោសណ្ឋាគារ​របស់ក្រុមហ៊ុនលោក ដូ ណាល់ត្រាំ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាឱ្យផ្អាកគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលមានទំហំទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកនៅជាយទីក្រុងហ្សាការតា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

គម្រោងអចលនទ្រព្យខ្នាតយក្សនេះ រួមមានទាំងសណ្ឋាគារប្រណីត ដែលស្ថិតក្រោមម៉ាកយីហោនៃក្រុមហ៊ុនអចលនទ្រព្យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ។ ការបញ្ជារបស់រដ្ឋាភិបាលឥណ្ឌូនេសុីឱ្យផ្អាកគម្រោងនេះ ដោយសារផលប៉ះពាល់ដល់បរិស្ថាន។

គម្រោងនេះមានឈ្មោះថា “MNC Lido City” ដែលជាគម្រោងសួនកម្សាន្តអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Metallurgical Corporation of China (MCC) ដោយសហការជាមួយក្រុមហ៊ុន Trump Organization របស់លោក ដូ ណាល់ត្រាំ ដើម្បីនាំមកនូវម៉ាកយីហោសណ្ឋាគារ លំនៅដ្ឋាន និងទីលានវាយកូនហ្គោលដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងប្រកបដោយមហិច្ឆតានេះត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនវិស្វកម្មសំណង់រដ្ឋចិន Metallurgical Corporation of China (MCC) និងក្រុមហ៊ុនបដិសណ្ឋារកិច្ច MNC Land របស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងឆ្នាំ២០១៨។

គម្រោងទីក្រុង MNC Lido City ជាផ្នែកមួយនៃការអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លំដាប់ពិភពលោកនៅប្រទេសឥណ្ឌូនេសុី ដោយត្រូវបានគេរំពឹងថា នឹងទទួលបានប្រាក់កម្ចីប្រមាណ៥០០លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។

ប៉ុន្តែ​ កាលពី​ថ្ងៃ​សប្តាហ៍មុន រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ឥណ្ឌូនេស៊ី លោក Hanif Faisol Nurofiq បាន​បញ្ជា​ឱ្យ​ផ្អាក​គម្រោង​នេះ បន្ទាប់​ពី​​បាន​រក​ឃើញ​មានការរំលោភ​បំពាន​បរិស្ថាន។

លោក Rizal Irawan មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថានឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា សកម្មភាពឈូសឆាយដីរបស់គម្រោងនេះបានបណ្តាលឱ្យមានដីល្បាប់ និងធ្វើឱ្យទឹកបឹង Lido ដ៏ល្បីល្បាញកាន់តែមានជម្រៅរាក់ជាងមុន។

យោងតាមរូបភាពពីផ្កាយរណបបានបង្ហាញថា ទំហំផ្ទៃបឹង Lido ស្ថិតនៅក្នុងខេត្ត West Java នៅជាប់នឹងទីក្រុងហ្សាការតា បានថយចុះជាងពាក់កណ្តាលចាប់តាំងពីគម្រោងខាងលើបានបើកការដ្ឋានសាងសង់ ដោយថយចុះពីទំហំ២៤,៧ហិកតាមកនៅសល់ត្រឹម១១,៩ហិកតា៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here