ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត AFP បានចុះផ្សាយឱ្យដឹងថា ប្រទេសសិង្ហបុរីគ្រោងនឹងបោះទុនវិនិយោគចំនួន៣,៧ពាន់លានដុល្លារអាមេរិកបន្ថែមទៀតទៅលើការធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានអន្តរជាតិ Changi ដ៏ល្បីល្បាញរបស់ខ្លួន។
នាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី លោក Lawrence Wong បានមានប្រសាសន៍ឱ្យដឹងថា មូលនិធិនេះនឹងត្រូវបានវិភាជន៍ដើម្បីសាងសង់ចំណតស្ថានីយ៍អ្នកដំណើរទី៥ នៅអាកាសយានដ្ឋាន Changi ។
អាកាសយានដ្ឋាន Changi បានទទួលអ្នកដំណើរប្រមាណ៦៧,៧លាននាក់កាលពីឆ្នាំមុន ខណៈប្រទេសសិង្ហបុរីបាននិងកំពុងព្យាយាមរក្សាឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលអាកាសចរណ៍លំដាប់កំពូលនៅលើពិភពលោក។
លោក Lawrence Wong បានបន្តថា“នៅពេលបញ្ចប់ការសាងសង់រួចរាល់ ចំណតស្ថានីយទី៥ នឹងបង្កើននូវសមត្ថភាពអាកាសយានដ្ឋានរបស់យើងបានជាង៥០ភាគរយ ដែលនឹងធានាថា សិង្ហបុរីនៅតែជាច្រកទ្វារដ៏សំខាន់មួយសម្រាប់ការធ្វើដំណើរ និងការដោះដូរពាណិជ្ជកម្មនៅលើពិភពលោក”។
លោក Wong បានបន្ថែមថា “ការចាក់បញ្ចូលទុនវិនិយោគថ្មីចំនួន៣,៧ពាន់លានដុល្លារអាមេរិកទៅក្នុងមូលនិធិអភិវឌ្ឍន៍អាកាសយានដ្ឋាន Changi នឹងធានាបាននូវធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីធ្វើការអភិវឌ្ឍន៍មជ្ឈមណ្ឌលអាកាសចរណ៍របស់យើង”។
គម្រោងស្ថាបនាចំណតស្ថានីយ៍អ្នកដំណើរទី៥ នៅអាកាសយានដ្ឋាន Changi ត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ ខណៈការសាងសង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥នេះ បន្ទាប់ពីបានពន្យារពេល ដោយសារជំងឺរាតត្បាត។
អាកាសយានដ្ឋាន Changi របស់សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានល្អបំផុតនៅក្នុងពិភពលោក។
ប៉ុន្តែ អាកាសយានដ្ឋាន Changi ក៏បានប្រឈមមុខនឹងការប្រកួតប្រជែងពីអាកាសយានដ្ឋានផ្សេងៗទៀតផងដែរ ដូចជាអាកាសយានដ្ឋាននៅទីក្រុង Doha នៃប្រទេសកាតា និងអាកាសយានដ្ឋាននៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង៕ប្រភព: AFP៕