ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានបើកកិច្ចប្រជុំអន្តរក្រសួងត្រៀមរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលរវាងកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស។
កិច្ចប្រជុំនាព្រឹកថ្ងៃទី១០ មិនា ឆ្នាំ២០២៥ដឹកនាំដោយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។
លោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំអន្តរក្រសួងនេះផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ក្នុងការពិនិត្យ ផ្តល់យោបល់ពីសំណាក់ស្ថាប័ន ពាក់ព័ន្ធលើសេចក្តីព្រាង Agreed Minutes និង របៀបវារៈនៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលរវាងកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកវ៉ាស៊ីម សូរិយា បានជម្រាបទៅអង្គប្រជុំនូវចំណុចសំខាន់ៗចំនួន០៣ ដែលក្រសួងសាធាណការ និងដឹកជញ្ជូន ស្នើសុំដាក់បញ្ចូល រួមមាន (១)ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ (២) ការគ្រប់គ្រង និងអភិវឌ្ឍវិស័យភស្តុភារកម្ម និង(៣)ការគ្រប់គ្រងតំបន់ឆ្នេរ កិច្ចការជំនួញសមុទ្រ និងសន្តិសុខនាវាចរណ៍៕