ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋី បានទទួលជួបពិភាក្សាការងារជាមួយលោក ហ័រ សៀវហ្វុង (Hua Xiao Feng) អនុប្រធានក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនេះ លោកជា វុទ្ឋី បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ និងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលទីក្រុងអ៊ូស៊ី ដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ី ដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
បន្ថែមពីនេះ លោកអគ្គលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារ សម្រាប់នាំចេញផលិតផលកសិផលពីកម្ពុជា ពិសេសនាំទៅកាន់ទីផ្សារប្រទេសចិន។
មួយវិញទៀត លោកអគ្គលេខាធិការ ក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគ ក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។
លោក ហ័រ សៀវហ្វុង បានសម្តែងនូវអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការ ដែលតែងតែគាំទ្រដល់វិនិយោគិន មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និងបានផ្តល់នូវអនុសាសន៍ល្អៗពាក់ព័ន្ធ នឹងសកម្មភាពធុរកិច្ចនៅកម្ពុជា។
លោកក៏បានជម្រាបជូន លោកអគ្គលេខាធិការពីសាវតាររបស់ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដែលមានអាយុកាលប្រមាណ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ ផ្សារមូលបត្រ កម្មន្តសាល ថាមពលបៃតង និងថាមពលកកើតឡើងវិញ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគ ក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ។
ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផល ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ហើយលោកហ័រ សៀវហ្វុង សង្ឃឹមថាតាមរយៈជំនួបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ ដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ី ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជាការឆ្លើយតប លោកជា វុទ្ឋីបានបង្ហាញនូវសុទិដ្ឋិនិយម ហើយសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នឹងបន្តជំរុញវិនិយោគិន មកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ហើយការណ៍នេះជាថ្នាលផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីវិនិយោគរវាងទីក្រុងអ៊ូស៊ី និងកម្ពុជា៕