សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះពីការឆបោកអនឡាញ ពីប្រទេសថៃប៉ុណ្ណោះ, សូមថៃ ឈប់ព្រួសឈាមដាក់គេ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានមានប្រសាសន៍ថា កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះ ដោយសារថៃតែប៉ុណ្ណោះ, ព្រោះថៃ ជាប្រទេសមានជើងហោះហើរត្រង់តភ្ជាប់ទៅប្រទេសនានា ហើយនាំជនឆបោកទាំងនោះចូលប្រទេសរបស់ខ្លួន។ អាស្រ័យដូច្នេះ សម្ដេចតេជោ បានអំពាវនាវទៅថៃ វិញថា «សូមឈប់ព្រួសឈាមដាក់គេ លើបញ្ហាឧក្រឹដ្ឋកម្មអនឡាញនេះ ទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជានេះតែម្ដង»

ប្រសាសន៍របស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ កម្ពុជាបែបនេះ បានធ្វើឡើងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជា បានអត់ធ្មត់ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបង្រ្កាបទាំងអស់គ្នា ប៉ុន្តែលោកជំទាវ យករួចខ្លួន ហើយមកដាក់កំហុសឱ្យកម្ពុជា ទទួលយកមិនបានទេលោកជំទាវ, លោកជំទាវធ្វើកំហុសធ្ងន់ធ្ងរណាស់បញ្ហាហ្នឹង។ លោកជំទាវ ស្ដោះ ព្រួសឈាមដាក់គេ ប៉ុន្តែលោកជំទាវ ភ្លេចថា ឈាមនោះ វាចេញពីខ្លួនរបស់លោកជំទាវ»

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោ បានចោទជាសំណួរថា៖ «អ្នកណាចិញ្ចឹមក្រុមឧក្រឹដ្ឋជននៅតាមព្រំដែន ជាមួយភូមា មីយ៉ាន់ម៉ា? អ្នកណាចិញ្ចឹមឧក្រឹដ្ឋជន នៅតាមព្រំដែនឡាវ? សម្រាប់កម្ពុជា កម្ពុជាចេះធ្វើហើយ! លោកជំទាវថាផ្គត់ផ្គង់អ៊ីនធឺណិត, អ៊ីនធឺណិតកម្ពុជា បានកាត់ផ្ដាច់តាំងពីមុនថ្ងៃទី២៤ លោកជំទាវ! ហើយលោកជំទាវ បានសូមទោសខ្ញុំ! លោកជំទាវថា កម្ពុជា ទទួលបានព័ត៌មានខុស, ប៉ុន្តែនៅពេលមានការពន្យល់លោកជំទាវ បានសូមទោសខ្ញុំមែនទេ? លោកជំទាវ មិនបានដឹងថាក្រសួងការបរទេសលោកជំទាវ បានព្រមានកម្ពុជា ដើម្បីកាត់ភ្លើង កាត់អ៊ីនធឺណិត កម្ពុជា មិនចាំបាច់ឱ្យលោកជំទាវ កាត់ទេ យើងកាត់មុន»

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅកាន់ប្រជាពលរដ្ឋថៃផងដែរ ឱ្យមើលឱ្យច្បាស់ពីល្បិចរបស់មេដឹកនាំថៃ ថាយ៉ាងមិច? យ៉ាងណាមិញ សម្ដេចបានបញ្ជាក់ថា សម្ដេចមិនបានបន្ទោសបក្សភឿថៃនោះទេ ប៉ុន្តែសម្ដេចបន្ទោទៅលើតួអង្គអ្នកដឹកនាំ ដែលខ្វះការទទួលខុសត្រូវ មិនស្មោះត្រង់ជាមួយប្រជាជនខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយដៃគូសន្ទនាទៀត។

សម្ដេចបានដាក់ទម្ងន់ថា៖ «បើពលរដ្ឋខ្លួនឯងមិនស្មោះត្រង់ជាមួយផង តើយើងជឿទុកចិត្តយ៉ាងមិចបាន»?

កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ទៅលើការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មគ្រប់ប្រភេទមិនមែន តែអនឡាញនោះទេ ជួញដូរមនុស្ស លាងលុយកង្វក់ គ្រឿងញៀនជាដើម។ នេះបើតាមការបញ្ជាក់ច្បាស់ៗពីសម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here