ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផលិតផលដំឡូងមីស្ងួត(dried cassava chips)កម្ពុជានឹងមានទីផ្សារនាំចេញកាន់តែធំ បន្ទាប់ពីក្រុមហ៊ុនកម្ពុជា Hang Harvest Agriculture Co.,Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុនចិន Cofco Bio-Technology Co., Ltd លើការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា ក្នុងបរិមាណ២០០,០០០តោនសម្រាប់ឆ្នាំ ២០២៥-២០២៦។
ពិធីចុះMoU ស្តីពីការទិញ-លក់ដំឡូងមីស្ងួតកម្ពុជារវាងក្រុមហ៊ុនទាំង ២ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ដោយមានការចូលរួមធ្វើជាសាក្សី ពីសំណាក់លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម(LIM Lork Piseth, Secretary of State of the Ministry of Commerce)។
ពិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា(ARDB Bank) ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជាជាច្រើនរូប។
ក្រៅពីចុះ MoU ក្នុងពេលជាមួយនេះ ក៏មានរៀបចំពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន៥០០០ តោនពីប្រទេសកម្ពុជាផងដែរ។
មន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏ដូចជួយជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង លោក គឹម ហួត បានចាត់ទុកការនាំចេញ និងការចុះកិច្ចព្រមព្រៀងជាមួយភាគីចិន លើការទទួលទិញដំឡូងមីកម្ពុជា គឺជាចូលរួមចំណែកជំរុញការដាំដុះ និងលើកតម្លៃដំឡូងមីកម្ពុជា ឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ន ដែលតម្លៃបានធ្លាក់ចុះយ៉ាងច្រើនបើធៀបនឹងឆ្នាំ២០២៤។
លោកបញ្ជាក់ថា “ការព្រមព្រៀងទិញដំឡូងមីកម្ពុជា ពីសំណាក់ក្រុមហ៊ុនចិនគឺជាការល្អណាស់ ព្រោះជាការជួយពង្រីកទីផ្សារឱ្យកាន់តែធំជាងមុន ហើយប្រជាកសិករ និងអ្នកវិនិយោគក៏នឹងទទួលបានផលចំណេញច្រើនជាងមុនដែរ”។
លោកគឹម ហួតបានបន្តទៀតថា ក្នុង១ឆ្នាំ ទិន្នផលដំឡូងមី ដែលប្រជាកសិករ ក្នុងខេត្តបាត់ដំបង ប្រមូលបានអាចស្ថិតក្នុងរង្វង់ជាង ២ លានតោន ក្នុងនោះប្រហែល៨០ភាគរយ ត្រូវបានលក់ទៅឱ្យឈ្មួញមកពីប្រទេសថៃ និងប្រហែល២០ភាគរយ សម្រាប់ប្រើប្រាស់ក្នុងស្រុក។
លោកបន្តថា តម្លៃដំឡូងមីស្រស់ក្នុងឆ្នាំនេះ បានធ្លាក់ចុះច្រើនបើធៀបឆ្នាំមុន ដោយដំឡូងមីស្រស់ មានតម្លៃជាមធ្យមចន្លោះពី១៨០-២២០រៀលក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំ២០២៤ មានតម្លៃប្រមាណពី២៥០-៣២០រៀល៕