មន្រ្តីជាន់ខ្ពស់ស្វែងរកឱកាសវិនិយោគ និងជម្រុញទេសចរណ៍រវាងកម្ពុជា និងខេត្តហឺណាន

ដោយៈ គង់ ម៉ាណា

    ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធា​នទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងា​រជាមួយ លោកAn Wei លេខាបក្សប្រចាំក្រុងចឹងចូវ  ក្នុងគោលបំណ​ងពិភាក្សា អំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

មានមតិស្វាគមន៍ លោកលេខាបក្សប្រចាំក្រុងចឹងចូវ បានថ្លែងនូវសេចក្តីស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកកាន់ក្រុងចឹងចូវនាឱកាសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោកAn Wei ក៏បានជម្រាបជូនគណៈប្រតិភូឱ្យបានជ្រាបច្បាស់អំពីវឌ្ឍនភាពថ្មីៗ នៃការអភិវឌ្ឍក្រុងចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌បុរាណ និងសហសម័យ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមភាគី សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនគណៈប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគមកកាន់ខេត្តហ៊ឺណាន ដែលជាបេសកកម្មក្រៅប្រទេស ដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកស៊ុន ចាន់ថុល បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ក្រុងចឹងចូវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់ នៅតាមបណ្តោយទន្លេលឿងរបស់ខេត្តហ៊ឺណាន។

លោកឧបនាយករដ្ឋមន្ត្រីក៏បានយកឱកាសនេះ ជម្រាបជូនភាគីមិត្តចិនអំពីបច្ចុប្បន្នភាពថ្មីៗ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយា​កាសវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល បានអញ្ជើញគណៈប្រតិភូរដ្ឋបាលក្រុងចឹងចូវ និងតំណាងសហគ្រាសប្រចាំក្រុងចឹងចូវ ពិនិត្យលទ្ធភាពនិងឱកាស មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីមកសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ជាពិសេសពិនិត្យលទ្ធភាពរៀបចំ តំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស លើអនុវិស័យអេឡិចត្រូនិក ដែលអាចដើរតួនាទីបំពេញបន្ថែម ពីលើខ្សែច្រវាក់ផលិតកម្មដែលមានស្រាប់នៅខេត្តហ៊ឺណាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here