ដោយៈ ម៉ាណា
កណ្តាលៈ រហូតមកទល់ពេលនេះ ការចំណាយសម្រាប់ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ បានកើនដល់ទឹកប្រាក់១៦០០លានដុល្លារហើយ ស្របពេលការសាងសង់សម្រេចបាន៩៥ភាគរយ។
ជាមួយនឹងវឌ្ឍនភាពនេះ អាកាសយានដ្ឋានអន្តជាតិតេជោ នឹងរៀបចំដំឡើងបដិមាព្រះពុទ្ធដ៏ធំមួយ ចំកណ្ដាលបរិវេណខាងក្នុងកន្លែងច្រកចេញ-ចូលបោះត្រាលិខិតឆ្លងដែន។ នេះបើតាមការបញ្ជាក់របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក(CAIC)។
លោកឧកញ៉ា ឆារស៍ វ៉ាន់បាបបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ក្រៅពីចម្លាក់បដិមាចំនួន២០០ នៅបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំដាក់បដិមាព្រះពុទ្ធដ៏ធំមួយផងដែរ បន្ទាប់ពីនិមន្តសម្ដេចសង្ឃរាជអំ លឹមហេង យាងទតទីតាំងដាក់បដិមាព្រះពុទ្ធ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃអាទិត្យទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បញ្ជាក់ថា ខុសប្លែកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) អ្នកជូនដំណើរអាចចូលក្នុងបរិវេណអាកាសយានដ្ឋានអន្តជាតិតេជោ រហូតដល់កន្លែងCheck In ត្រង់ចំណុចនោះអ្នកមកចាំទទួល ក៏អាចទស្សនាពេលអ្នកដំណើរ ចុះពីយន្តហោះផងដែរ។
លោកបញ្ជាក់ថា “ការរៀបចំយ៉ាងដូច្នេះ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និតទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអាកាសយានដ្ឋានផ្សេងៗមិនងាយមាននោះទេ”។
លោកឧកញ៉ា ឆារស៍ វ៉ាន់បានឲ្យដឹងទៀតថា ការធ្វើដំណើរទៅកាន់ព្រលានយន្តហោះថ្មី នឹងមិនមានការស្ទះចរាចរណ៍ដូចព្រលានចាស់នោះទេ ព្រោះបើគិតចម្ងាយពីវត្តភ្នំ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានថ្មី) មានចម្ងាយ១៩.៣គីឡូម៉ែត្រ ប៉ុន្តែមិនមានការកកស្ទះនោះទេ ដោយមានផ្លូវHighway(៦០ម៉ែត្រ) ធំងាយស្រួលធ្វើដំណើរ និងចំណេញពេលវេលា៕