ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវជា សិរី ដើម្បីពិភាក្សាលើកិច្ចសហការរវាថងប្រព័ន្ឋបាគង និងការគ្រប់គ្រងទិន្ន័យរបស់ក្រសួង។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានពិភាក្សាអំពីស្ថានភាពវិស័យធនាគារ និងទំនាក់ទំនងជាមួយវិស័យសំណង់ និងអចលនទ្រព្យ និងការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន តាមរយៈប្រព័ន្ធបាគង ដើម្បីសម្រួលដល់ការផ្ទេរបណ្ណកម្មសិទ្ធិ ក៏ដូចជាការដាក់បន្ទុក និងការដោះបន្ទុកអចលនទ្រព្យក្នុងវិស័យធនាគារ ក្នុងគោលបំណងសម្រួលដល់ការគ្រប់គ្រង និងការប្រើប្រាស់បណ្ណអចលនទ្រព្យឱ្យមានប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ដើម្បីពង្រឹងកិច្ចសហការខាងលើនេះ អង្គប្រជុំក៏បានឯកភាពក្នុងការរៀបចំក្រុមការងារសម្រាប់សិក្សា លើការធ្វើសន្ធានកម្មប្រព័ន្ធបាគងជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសិក្សាបន្ថែមលើក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា៕