ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងដល់និស្សិតនៃកម្មវិធី Techpreneur Bootcamp របស់ស្ថាប័នDICHI Academy។
និស្សិតដែលបានទទួលសញ្ញាបត្របញ្ចប់ ការសិក្សានេះមានចំនួន ៣០រូប នៃកម្មវិធី Techpreneur Bootcamp របស់ស្ថាប័ន DICHI Academy ។
កម្មវិធីTechpreneur Bootcamp ជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល៩ខែ រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពសិស្សនិស្សិតអំពីជំនាញអភិវឌ្ឍកម្មវិធី (Full Stack) រួមនឹងជំនាញសហគ្រិនភាព តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសជាក់ស្ដែង ពីអ្នកជំនាញនៅតាមក្រុមហ៊ុនឯកជន និងផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការអភិវឌ្ឍកម្មវិធី និងរកដំណោះស្រាយឌីជីថល ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង។
ទន្ទឹមនឹងនេះ និស្សិតចំនួន៦ក្រុម បានអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថល ដែលជាគម្រោងបញ្ចប់ការសិក្សារបស់ក្រុមនីមួយៗ ក្នុងនោះមានគម្រោង២ ត្រូវបានក្រមហ៊ុនជ្រើសរើសមកប្រើប្រាស់ ដើម្បីជាដំណោះស្រាយអាជីវកម្មរបស់ពួកគេ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនេះ បានដើរតួយ៉ាងសកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល រដ្ឋាភិបាលឌីជីថល និងចូលរួមជំរុញពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា៕