ដោយៈសុខុម
អាស៊ានៈ ក្រុមអ្នកជំនាញនិយាយថា អាជីវកម្មតាមអនឡាញ (E-commerce) ឆ្លងដែន កំពុងក្លាយជាកម្លាំងចលករថ្មី ដែលជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងថែមទាំងជួយទប់ស្កាត់ផលប៉ះពាល់ ពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទៅលើសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសចិន និងអាស៊ាន ទៀតផង។ នេះបើយោងតាមសារព័ត៌មាន China Daily ចុះផ្សាយកាលពីថ្ងៃទី២៨ មករា។
លោក Xu Ningning ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ាន ថ្លែងថា “អាជីវកម្មតាមអនឡាញនៅពេលនេះ មានសារៈសំខាន់កាន់តែខ្លាំង ចំពោះសកម្មភាពសេដ្ឋកិច្ច ស្របពេលវីរុសកូវីដ-១៩ បង្កផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនសហគ្រាស ដែលមិនដំណើរការអាជីវកម្មតាមអនឡាញ និងបណ្ដាញចែកចែយនាពេលបច្ចុប្បន្ននៅក្នុងតំបន់” ។
លោកគូសបញ្ជាក់ថា “រដ្ឋាភិបាលក៏គួរតែដាក់ចេញវិធានការគាំទ្រ ដើម្បីជួយជំរុញលើកទឹកចិត្ដក្រុមហ៊ុននានា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SME) ឱ្យប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យា ដើម្បីលើកកម្ពស់អាជីវកម្មតាមអនឡាញ និងស្វែងរកការរីកចម្រើនថ្មី” ។
លោកបានបន្តទៀតថា បន្ថែមពីលើនេះ រដ្ឋាភិបាលក៏គួរខិតខំប្រឹងប្រែងបង្កើតសេវាកម្មដឹកជញ្ជូនបែបឆ្លាតវៃ និងប្រព័ន្ធតាមដានផលិតផល ព្រមទាំងសេវាកម្មហិរញ្ញវត្ថុឌីជីថល រួមទាំងការទូទាត់ធានារ៉ាប់រង និងសមតុល្យគណនីផងដែរ ដើម្បីសម្រួលពាណិជ្ជកម្មរវាងបណ្ដាក្រុមហ៊ុនចិន និងក្រុមហ៊ុនក្នុងអាស៊ានឱ្យកាន់តែរលូន។
លោក Zhou Mi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិត្យសភាពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន (Chinese Academy of International Trade and Economic Cooperation) បានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលតាមការរំពឹងទុកថា នឹងចូលជាធរមានត្រឹមដំណាច់ឆ្នាំនេះ និងដែលអនុញ្ញាតឱ្យ១ភាគ៣នៃទំនិញរបស់ចិន ទទួលបានការលើកលែងពន្ធ នឹងនាំមកនូវឱកាសថ្មីៗដល់ក្រុមហ៊ុននានា ដែលចូលរួមពាក់ព័ន្ធក្នុងអាជីវកម្មតាមអនឡាញឆ្លងដែន។
យោងតាមរបាយការណ៍មួយ ចេញដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Bain& Co បង្ហាញថា ចំនួនអ្នកទិញទំនិញតាមអនឡាញនៅក្នុងតំបន់អាស៊ាន បានកើនឡើងទ្វេដងរហូតដល់ ៣១០លាននាក់ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ។ របាយការណ៍ចេញដោយក្រុមហ៊ុន Google និងក្រុមហ៊ុន Temasek Holdings Private Ltd បង្ហាញថា ទីផ្សារអាជីវកម្ម តាមអនឡាញនៅក្នុងតំបន់អាស៊ាន អាចនឹងមានតម្លៃឈានដល់១៥៣ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន E-commerce ធំៗរបស់ចិន បានបង្កើនការវិនិយោគលើក្រុមហ៊ុន E-commerce និង E-payment (ការទូទាត់តាមអនឡាញ) នៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីស្វែងរកសក្ដានុពលទីផ្សាររបស់តំបន់។ ហើយក្រុមហ៊ុន E-commerce ធំៗរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏បានបង្កើនកិច្ចប្រឹងប្រែងពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារចិនផងដែរ៕