ដោយៈសុខុម
វ៉ាស៊ីនតោន: មន្ត្រីគោលនយោបាយជាន់ខ្ពស់មួយរូប នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក (Federal Reserve) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ កុម្ភៈថា ស្ថានភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាសធាតុ អាចបង្កផលប៉ះពាល់ខ្លាំងហួសការរំពឹងទុកមកលើប្រព័ន្ធហិរញ្ញវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយក្នុងថ្ងៃដដែល។
លោកស្រី Lael Brainard ទេសាភិបាលនៃធនាគារកណ្តាលសហរដ្ឋអាមេរិក បានជំរុញឱ្យក្រុមហ៊ុនហិរញ្ញវត្ថុនានា និងអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនោះ ចាត់វិធានការពីពេលនេះទៅ ដើម្បីត្រៀមលក្ខណៈបង្ការទុកជាមុន ក្រែងលោមានហេតុការណ៍តក់ស្លុតកើតឡើងហួសពីការរំពឹងទុក។
អំឡុងសុន្ទរកថាថ្លែងទៅកាន់វេទិការៀបចំឡើង ដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (Institute of International Finance) ស្ដីពីការផ្លាស់ប្ដូរឆ្ពោះទៅរកសេដ្ឋកិច្ច ដែលបញ្ចេញឧស្ម័នកាបូនតិច លោកស្រីបានគូសបញ្ជាក់ថា ក្រុមហ៊ុនហិរញ្ញវត្ថុនានាបានប្រឈមហានិភ័យ ដែលបង្កឡើងដោយគ្រោះមហន្តរាយទាក់ទិនអាកាសធាតុ។ ទន្ទឹមនេះ ក្រុមហ៊ុនទាំងនោះក៏ប្រឈមហានិភ័យ ដែលបង្កឡើងដោយការប្រែប្រួលយ៉ាងឆាប់រហ័ស នូវតម្លៃទ្រព្យសកម្មដែលអាចកើតមានផងដែរ ក្នុងករណីគោលនយោបាយរបស់រដ្ឋាភិបាលមានការផ្លាស់ប្ដូរ។
លោកស្រីបានសង្កត់ធ្ងន់ថា “ខណៈមានភ័ស្តុតាងវិទ្យាសាស្ត្រ យ៉ាងច្បាស់ក្រឡែតបញ្ជាក់ការប្រែប្រួសអាកាសធាតុ ការប៉ាន់ប្រមាណអំពីទំហំនៃហានិភ័យហិញ្ញវត្ថុ ទាក់ទិនអាកាសធាតុមានភាពមិនប្រាកដប្រជាខ្លាំង” ។ លោកស្រីបន្ថែមថា “ភាពមិនប្រាកដប្រជានេះ គួរតែមិនអាចរារាំងការវិនិយោគ ប្រកបដោយការប្រុងប្រយ័ត្ន លើការអនុវត្តការគ្រប់គ្រងហានិភ័យនោះឡើយ ក្នុងពេលរយៈពេលដ៏ខ្លីខាងមុខនេះ” ។
ពេលនេះលោកស្រី កំពុងតែដឹកនាំកិច្ចប្រឹងប្រែង របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក ដើម្បីកំណត់ថា តើធនាគារកណ្ដាលមួយនេះ គួរដាក់បញ្ចូលការពិចារណាអំពីការប្រែប្រួលអាកាសធាតុ ទៅក្នុងប្រតិបត្តិការនានា និងការគ្រប់គ្រងរបស់ខ្លួនលើប្រព័ន្ធហិរញ្ញវត្ថុតាមវិធីណា។
អាកាសធាតុដ៏កំណាច បានបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ច។ ជាឧទាហរណ៍ជាក់ស្ដែងមួយ ព្យុះព្រិលទឹកកកដ៏កំណាច កំពុងធ្វើឱ្យស្ទះការផ្គត់ផ្គង់ថាមពល នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក៕