ប្រេង​បន្ត​ធ្លាក់​ថ្លៃ ខណៈ​រដ្ឋ​តិច​សាស​របស់​សហរដ្ឋអាមេរិក​ត្រៀម​បង្កើន​ការផលិត​ប្រេង​ឡើងវិញ

ដោយៈ​សុខុម

អាមេរិក: ក្រោយ​ឡើងថ្លៃ​ខ្ពស់បំផុត មិន​ធ្លាប់មាន​កាលពីពេលថ្មីៗនេះ តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ២ថ្ងៃ​ជាប់​គ្នា កាលពី​ថ្ងៃ​សុក្រ ទី១៩ កុម្ភៈ ខណៈ​បណ្ដា​ក្រុមហ៊ុន​ថាមពល​នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ត្រៀម​ចាប់ផ្ដើម​ដំណើរ​ការផលិត​ប្រេង និង​ឧស្ម័ន​ឡើងវិញ ក្រោយ​បិទ​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារ​មាន​ព្យុះ​ព្រិល​ទឹកកក​ដ៏​កំណាច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យដឹងថា ប្រេង​ឆៅ​នៅក្នុង​ទីផ្សារ​ប្រទេស​អង់គ្លេស បាន​ធ្លាក់​ថ្លៃ១,១៦ ដុល្លារ ឬ១,៨% មក​នៅត្រឹម ៦២,៧៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ប្រេង​ឆៅ​នៅក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក បាន​ធ្លាក់​ថ្លៃ១,៤២ ដុល្លារ ឬ ២,៤% មក​នៅត្រឹម៥៩,១០ដុល្លារ​ក្នុង​មួយ​បារ៉ែល។

ក្រុមអ្នកវិភាគ​បានលើកឡើង​ថា “ព្យុះ​ព្រិល​ទឹក​ក​ដ៏​កំណាច មិន​ធ្លាប់មាន​នៅក្នុង​រដ្ឋ​តិច​សាស និង​បណ្ដា​រដ្ឋ​វាលទំនាប​របស់​សហរ​ដ្ឋ​អាមេរិក បានធ្វើឱ្យ​ការផលិត​ប្រេង​ឆៅ​ធ្លាក់ចុះ​រហូតដល់ ៤ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ហើយ​ការផលិត​ឧស្ម័ន​ធម្មជាតិ​ធ្លាក់ចុះ២១ ពាន់​លាន​ហ្វី​ត​គូប (ប្រមាណ ៦០០ លាន​ម៉ែត្រគូប) ក្នុង​មួយថ្ងៃ” ។

រោងចក្រ​ចម្រាញ់​ប្រេង​នានា​នៅ​រដ្ឋ​តិច​សាស បាន​ផ្អាក​ប្រហែល១ ភាគ៥នៃ​ដំនើរ​ការផលិត​ប្រេង ស្របពេល​មានការ​កាត់ផ្ដាច់​អគ្គិសនី និង​អាកាសធាតុ​ត្រជាក់​ខ្លាំង។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​មានការ​រំពឹងទុក​ថា ក្រុមហ៊ុន​នានា​នៅក្នុង​តំបន់​ជួប​គ្រោះធម្មជាតិ​នេះ នឹង​ត្រៀម​ដំណើរ​ការផលិត​ឡើងវិញ ខណៈ​សេវា​ផ្គត់ផ្គង់​ទឹក​ភ្លើង បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ជាបណ្ដើរ។

ប្រេង​នៅតែ​ធ្លាក់​ថ្លៃ បើទោះបីជា​ស្តុក​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ​ខ្លាំង​គួរឱ្យភ្ញាក់ផ្អើល ក្នុង​សប្ដាហ៍​គិត​ត្រឹម​ថ្ងៃទី១២ កុម្ភៈ មុនពេល​ព្យុះ​ព្រិល​ទឹកកក​មកដល់​យ៉ាងណាក្ដី។

រដ្ឋបាល​ព័ត៌មាន​ថាមពល (Energy Information Administration) ហៅ​កាត់ EIA របស់​សហរដ្ឋអាមេរិក បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ កុម្ភៈ​ថា ស្តុក​ប្រេង​របស់​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ៧,៣លាន​បារ៉ែល មក​នៅត្រឹម៤៦១,៨លាន​បារ៉ែល ដែលជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែមីនា ឆ្នាំ២០២០មក៕

LEAVE A REPLY

Please enter your comment!
Please enter your name here