ដោយគង់ ម៉ាលីនណា
ភ្នំពេញៈ ការអភិវឌ្ឍន៍ដោយគ្មានការប្រើប្រាស់ ឬឈរលើមូលដ្ឋានច្បាស់លាស់ នឹងធ្វើឲ្យតំបន់មួយឬទីក្រុងមួយ គ្មានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ហេតុនេះទើបប្លង់គោលត្រូវបានចាត់ទុកជាផែនទីចង្អុលបង្ហាញផ្លូវមួយ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
អ្នកឯកទេសផ្នែកនគរូបនីយកម្មឯករាជ្យ លោកបណ្ឌិតវ៉ាន់ វ៉ាតបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនងា មានមូលហេតុ និងការងារពាក់ព័ន្ធមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាខិតខំពុះពារ និងធ្វើឱ្យបានសម្រេចប្លង់គោលប្រើប្រាស់ដីអនាគត ដែលជាឧបករណ៍បង្ហាញទិសក្នុងការអភិវឌ្ឍ ដូចខាងក្រោម ទី១- ការបាត់បង់ឯកសារ ឬមិនបានរៀបចំប្លង់គោលប្រើប្រាស់ដីនៅពេលប្រទេសជាតិក្រីក្រ ប្រជាជនតិច សំណង់ស្តួចស្តើង ទីផ្សារដីធ្លី និងកំណើនសេដ្ឋកិច្ចទាប ជាឱកាសងាយស្រួលក្នុងការកសាង និងអនុវត្តន៍គម្រោង ហើយរដ្ឋមិនចំណាយធនធាននិងថវិកាច្រើន។
ផ្ទុយទៅវិញការរៀបចំនៅពេលនេះ រដ្ឋមានការខាតបង់ ក្នុងការដោះស្រាយគោលនយោបាយ និងប្រឈមការតវ៉ាច្រើនមុននឹងចេញបណ្ណកម្មសិទ្ធិ ឬធ្វើការអភិវឌ្ឍនៅតាមតំបន់មួយចំនួន ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមិនទាន់ហួសពេលដែរ សម្រាប់ការខិតខំរបស់ប្រទេសយើងចាប់ពីពេលនេះតទៅ។
ទី២- កំណើនប្រជាជន ការអភិវឌ្ឍកំពុងមានភាពគំហុក និងការផ្សាភ្ជាប់ជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ចសកលលោក បានធ្វើឱ្យតម្រូវការដីធ្លីកាន់តែកើនឡើង ដែលធ្វើឱ្យរដ្ឋចាំបាច់ត្រូវចាត់ចែង រៀបចំទុកដាក់ឱ្យបានល្អប្រសើរ ឬពិនិត្យភាពសមស្របនៃរាល់តម្រូវការប្រើប្រាស់ដីធ្លីទាំងនោះទៅតាមផែនការ និងច្បាប់កំណត់ត្រឹមត្រូវ។
ទី៣- បច្ចុប្បន្នភាព ប្រភេទដីនីមួយៗ មិនទាន់ត្រូវបានកំណត់ដោយច្បាប់ក្នុងការគ្រប់គ្រងឱ្យបានច្បាស់លាស់នៅឡើយ ដូចជា ការប្តូរប្រភេទដីដែលគ្មានប្លង់គោលត្រឹមត្រូវ ការចាក់លុបដីកសិកម្ម ដីព្រែក អូរ ឬបឹងធម្មជាតិ ដែលធ្វើឱ្យបាត់បង់ដីដាំដុះជាច្រើនសម្រាប់ផលិតនិងផ្គត់ផ្គង់ស្បៀង ធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ក្នុងផលិតកម្ម និងការរស់នៅ ព្រមទាំងអាចបាត់បង់ប្រព័ន្ធរំដោះទឹកនៅពេលទឹកជំនន់ និងគ្រោះធម្មជាតិកើតឡើង។
ទី៤- រដ្ឋាភិបាលមានគោលនយោបាយតម្រង់ទិស អភិវឌ្ឍន៍ប្រកបដោយចីរភាព និងខិតខំជម្រុញកំណើនសេដ្ឋកិច្ចសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដូចនេះចាំបាច់ត្រូវរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី ដើម្បីលើទឹកចិត្ត និងអូសទាញការវិនិយោគ ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដីមានប្រសិទ្ធភាព។
ទី៥- សំណង់ជាច្រើននៅកម្ពុជាបាននឹងកំពុងលូតលាស់ខ្លាំង ហើយភាគច្រើនសាងសង់តាមហេដ្ឋារចនា សម្ព័ន្ធដែលមានស្រាប់ ខ្វះផែនការកំណត់តាមបច្ចេកទេសបានត្រឹមត្រូវ ឬមិនគោរពតាមប្លង់គោល ឬបទប្បញ្ញត្តិ សំណង់ ដែលអាចធ្វើឱ្យសំណង់គ្មានសណ្តាប់ធ្នាប់ និងគ្មានគុណភាព។ សំណង់រោងចក្រ និងឃ្លាំងជាច្រើន បាននឹងកំពុងបង្កើតឡើងរាយប៉ាយគ្រប់ទីកន្លែង ជាពិសេស ស្ថិតនៅក្នុងទីប្រជុំជនក្រុងមានមនុស្សអ៊ូរអរច្រើន ដែលធ្វើឱ្យបំពុលដល់បរិស្ថានក្នុងការរស់នៅ កកស្ទះចរាចរណ៍ និងមានការលំបាកក្នុងការរៀបចំក្រុងឱ្យបានល្អប្រសើរនៅពេលខាងមុខ។
ក្រៅពីនេះ នៅមានសំណង់មិនរៀបរយតាមចំណីព្រែក ស្ទឹង ទំនប់ ប្រឡាយ បឹងបួរ និងសំណង់ ទន្ទ្រានចំណីផ្លូវ ដែលជាដីសាធារណៈរបស់រដ្ឋ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ទេសភាព បរិស្ថាន និងសង្គម។
ទី៦- ផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី នឹងអាចជួយដល់ ការកំណត់ប្រភេទប្រើប្រាស់ដី ពេលចេញបណ្ណកម្មសិទ្ធិបានសុក្រឹត្យ គាំទ្រដល់ការចុះបញ្ជីដីបានលឿននិងសមស្រប គ្រប់គ្រងប្រើប្រាស់ដី ចំគោលដៅ លើកស្ទួយរាល់ការអភិវឌ្ឍតាមកម្រិតថ្នាក់រដ្ឋបាលនៃគម្រោង ដូចជា ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀនផ្សារ…និងជាឆ្អឹងខ្នងគោលនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រៅពីនេះ វាជាមូលដ្ឋានកំណត់ពន្ធដារបានត្រឹមត្រូវតាមតម្លៃ និងគុណភាពដី និងអាចជួយប្រែក្លាយទៅជាទីក្រុង ឬប្រទេសល្អស្អាតក្នុងការប្រលងប្រណាំងជាមួយអន្តរជាតិ។
ចំណុចទី៧- កិច្ចការបន្ថែមដែលរដ្ឋត្រូវធ្វើ និងទទួលខុសត្រូវពាក់ព័ន្ធនឹងហេដ្ឋារចនាស ម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី គឺរៀបចំច្បាប់និងបទប្បញ្ញត្តនៅពេលកសាង និងអនុវត្តឱ្យបានច្បាស់លាស់ ដូចជា កាលណាចាប់ផ្តើមអនុវត្តន៍ប្លង់គោល គឺពិតជាប៉ះពាល់ដីឬសំណង់កម្មសិទ្ធិ ឬដីភោគៈរបស់ពលរដ្ឋហើយ វាគ្រាន់តែច្រើនឬតិចប៉ុននោះ បញ្ហានេះតើរដ្ឋត្រូវកំណត់ជាច្បាប់ ឬបទប្បញ្ញត្តិគតិយុត្តដោះស្រាយយ៉ាងដូចម្តេច? ដោយឡែកចំពោះការប៉ះពាល់ តើរដ្ឋបានកញ្ចប់ថវិកាមកពីណា?។
ក្រៅពីនេះ ដើម្បីដោះស្រាយជាមួយអ្នកប៉ះពាល់ ! តើរដ្ឋគួរត្រូវកំណត់ពន្ធដារបន្ថែមកម្រិតណា?ដោយរបៀបម៉េច?ទៅលើអ្នកទទួលផលពីប្លង់គោលដែលបានអនុម័ត ឬសាងសង់គម្រោង រួចរាល់និងធ្វើឱ្យដីធ្លីឡើងថ្លៃ។ បច្ចុប្បន្នដីធ្លី អចលនទ្រព្យឡើងថ្លៃដោយសារការកសាងផ្លូវ (ក្រវាត់ក្រុង ផ្លូវល្បឿនលឿន ផ្លូវក្នុងខេត្តក្រុង) លំនៅឋានថ្មី (បូរីឬខុនដូ) រោងចក្រ (សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស) ឬបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗជាច្រើនទៀតរបស់រដ្ឋ គឺរាជរដ្ឋាភិបាលមិនទាន់ គោលការណ៍ ដើម្បីកំណត់ក្នុងការចូលរួមចំណែកឱ្យបានសមស្រប និងសមធ៌ពីអ្នកដែលបានទទួលផលពីគម្រោងរបស់រដ្ឋនៅឡើយ៕