ដោយៈសុខុម
ប៉ារីសៈ បំណុលសាធារណៈ ដែលបានកើនឡើងកាន់តែធំទៅៗ នៅពេលរដ្ឋាភិបាលនានា បានបញ្ចេញកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច ពីវិបត្តិកូវីដ-១៩ កំពុងតែជំរុញឱ្យមានការគិតគូរឡើងវិញជាលើកដំបូង អំពីការធ្លាក់ចុះអត្រាពន្ធលើផលចំណូលអាជីវកម្ម (Corporate Tax) ក្នុងរយៈពេល៤ទសវត្សរ៍មកនេះ នៅទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី០២ មីនា។
ប្រទេសអង់គ្លេស ប្រហែលក្លាយជាប្រទេសដំបូងគេបង្អស់ ដែលអាចពិនិត្យសើរើរឿងនេះឡើងវិញនៅថ្ងៃពុធ ទី៣ មីនា នេះដោយសារមានការរំពឹងទុកថា លោក Rishi Sunak រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នឹងប្រកាសដំឡើងពន្ធតិចតួច លើក្រុមហ៊ុនសហគ្រាសនៅក្នុងការប្រកាសទម្លាក់កញ្ចប់ថវិការបស់លោក ដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ ។
អត្រាពន្ធលើផលចំណូលអាជីវកម្ម១៩% របស់អង់គ្លេស នាពេលបច្ចុប្បន្នស្ថិតក្នុងចំណោមអត្រាទាបបំផុត ក្នុងចំណោមប្រទេសអ្នកមានចំនួន៣៧ ដែលជាសមាជិកនៃអង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ដែលមានអត្រាពន្ធជាមធ្យម២៣% ។
ប្រទេសនានាជុំវិញពិភពលោកបានប្រកួតប្រជែងគ្នា បន្ទាបបន្ទុកពន្ធលើក្រុមហ៊ុនសហគ្រាស ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ក្រោយមានបដិវត្តន៍ទីផ្សារសេរី ដោយអតីតប្រធាធិបតីសហរដ្ឋអាមេរិក លោក Ronald Reagan និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Margaret Thatcher ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ប្រឆាំងរដ្ឋាភិបាល ហើយងាកទៅគាំទ្រអាជីវកម្ម។
អង្គការ OECD ចាប់ផ្តើមប្រមូលទិន្នន័យ ចាប់តាំងពីឆ្នាំ២០០០ មក ហើយលទ្ធផលបានបង្ហាញថា អត្រាពន្ធជាមធ្យមបានធ្លាក់ចុះ ៩% មកដល់កម្រិតទាបបំផុត មិនធ្លាប់មាននៅក្នុងប្រទេសជាច្រើន។ លើសពីនេះ ក្រុមហ៊ុននានាថែមទាំងបង់ពន្ធតិចជាង ឬពេលខ្លះតិចជាងឆ្ងាយ បើធៀបនឹងអត្រាពន្ធដូចមានចែង ក្នុងលក្ខន្តិកៈដោយសារប្រទេសនីមួយៗមានវិធានកាត់បន្ថយពន្ធខុសៗគ្នា។
លោក Michael P. Devereux អ្នកជំនាញមកពីមជ្ឈមណ្ឌលពន្ធអាជីវកម្ម (Centre for Business Taxation) នៃសាកលវិទ្យាល័យ Oxford របស់អង់គ្លេស បានលើកឡើងអំពីចំណាត់ការរបស់អង់គ្លេសថា “ការដំឡើងអត្រាពន្ធលើប្រាក់ចំណេញនឹងផ្ទុយពីនិន្នាការ ក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយនេះ ដែលជំរុញដោយការប្រកួតប្រជែងក្នុងចំណោមប្រទេសនានាដើម្បីទាក់ទាញការវិនិយោគ” ។
សម្រាប់ករណីប្រទេសអង់គ្លេស លោក Michael P. Devereux បានព្រមានថា ការដំឡើងការប្រកួតប្រជែងជាអន្តរជាតិ លើបញ្ហាពន្ធនៅតែជួបការលំបាក ទោះបីជាសហរដ្ឋអាមេរិក កំពុងពិចារណាដំឡើងពន្ធដែរក៏ដោយ។
រដ្ឋការថ្មីរបស់លោកចូ បៃឌិន ចង់កែប្រែការកាត់បន្ថយពន្ធ ក្រោមរដ្ឋការរបស់លោកដូណាល់ ត្រាំ ដែលពេលកាន់អំណាចឆ្នាំដំបូង បានកាត់បន្ថយពន្ធសហព័ន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុននានា របស់សហរដ្ឋអាមេរិកពី៣៥% មកនៅត្រឹម២១% ។
លោក Wally Adeyemo អនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានលើកឡើងកាលពីខែមុនថា ការដំឡើងអត្រាពន្ធលើផលចំណូលអាជីវកម្ម នឹងជួយផ្តល់មូលនិធិដល់ការវិនិយោគ ក្នុងឧស្សាហកម្មជាយុទ្ធសាស្ត្រ។
លោកបានប្តេជ្ញាថានឹងបញ្ចប់ “ការប្រកួតប្រជែងបន្ទាបអត្រាពន្ធ ដល់ចំណុចបាត” លើការយកពន្ធលើផលចំណូលអាជីវកម្មជាសកល។
ការជជែកដេញដោលបែបនេះកើតមានឡើង នៅពេលរដ្ឋាភិបាលនៃប្រទេសជិត ១៤០ កំពុងចរចាគ្នាដើម្បីឈានដល់ការព្រមព្រៀង លើអត្រាពន្ធលើផលចំណូលអាជីវកម្មត្រឹមពាក់កណ្ដាលឆ្នាំ២០២១នេះ ដោយក្រុមអ្នកចូលរួមនិយាយថា អាចនឹងញ្ចប់អត្រាពន្ធទាបនានពេលបច្ចុប្បន្ន១២,៥% របស់ប្រទេសអៀរឡង់។
ប្រទេសអៀរឡង់ ដែលប្រមូលពន្ធលើផលចំណូលអាជីវកម្មបាន១១,៨ ពាន់លានអឺរ៉ូ (ជាង ១៤ ពាន់លានដុល្លារ)កាលពីឆ្នាំមុន ត្រូវបានគូប្រជែងចោទប្រកាន់ថា ប្រើប្រាស់គោលនយោបាយពន្ធ ក្នុងរូបភាពមិនត្រឹមត្រូវ ដើម្បីទាក់ទាញការវិនិយោគពហុជាតិសាសន៍។
ប្រទេសនេះបានប៉ាន់ប្រមាណថា ការប្រមូលចំណូលពន្ធលើផលចំណូលអាជីវកម្មរបស់ខ្លួន អាចនឹងធ្លាក់ចុះមកនៅត្រឹម២ពាន់លានអឺរ៉ូ (២,៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ប្រសិនបើបណ្តាប្រទេសនានានៅលើពិភពលោក ឈានដល់កិច្ចព្រមព្រៀងដ៏មានមហិច្ឆតាខាងលើនេះ៕