ដោយៈសុខុម
ក្រុងព្រុចសែល: មន្ត្រីពាណិជ្ជកម្មមួយរូបនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៤ មីនាថា សហភាពអឺរ៉ុប បានផ្អាកផ្ដល់ជំនួយអភិវឌ្ឍន៍សម្រាប់គម្រោងអភិវឌ្ឍន៍នានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយដើម្បីជៀសវាងជំនួយហិរញ្ញវត្ថុធ្លាក់ដល់ដៃយោធា បន្ទាប់ពីមានរដ្ឋប្រហារដណ្ដើមអំណាចកាលពីខែមុន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយក្នុងថ្ងៃដដែលឱ្យដឹងថា មន្ត្រីដដែលបានទម្លាយថា សហភាពអឺរ៉ុប ដែលនៅសល់២៧ប្រទេសជាសមាជិក បានជូនដំណឹងទៅគណៈកម្មាធិការមួយ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ខ្លួនបានផ្អាករាល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលគាំទ្រដល់អាជ្ញាធរយោធា។
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ខ្លួនបានផ្អាកការគាំទ្រផ្នែកថវិកាហើយ ដែលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្ដល់ជំនួយជាង ២០០ លានអឺរ៉ូ (២៤០.៧ លានដុល្លារអាមេរិក) ក្នុងកម្មវិធីដាច់ដោយឡែកៗដែលជាធម្មតាដំណើរការរយៈពេល៤ឆ្នាំ។
សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះ ធ្វើឡើងបន្ទាប់ពីអន្តរជាតិបានថ្កោលទោសចំពោះរដ្ឋប្រហារយោធាថ្ងៃទី១ កុម្ភៈ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី។ ខណៈពេលការតវ៉ានៅតែបន្តប្រឆាំងរបបយោធា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកករណីប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា មនុស្ស៣៨ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ទី៣ មីនា។
ចំណុចដែលគួរឱ្យកត់សម្គាល់មួយទៀត សេចក្តីសម្រេចក៏ធ្វើឡើង ក្រោយធនាគារកណ្ដាលសិង្ហបុរី បានចេញសារាចរមួយចុះបរិច្ឆេទថ្ងៃទី២៥ កុម្ភៈ ណែនាំឱ្យក្រុមហ៊ុនហិរញ្ញវត្ថុនានា ប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ចំពោះការធ្វើប្រតិបត្តិការ ឬរំហូរមូលនិធិគួរ ឱ្យសង្ស័យ ដែលឆ្លងកាត់រវាងប្រទេសសិង្ហបុរី និងប្រទេសមីយ៉ាន់ម៉ា។
ជំនួយអភិវឌ្ឍន៍របស់សហភាពអឺរ៉ុប ដល់ប្រទេសមីយ៉ាន់ម៉ា បានផ្តោតលើវិស័យអប់រំ យុត្តិធម៌ ការបោះឆ្នោត និងការគាំទ្រអាហារូបត្ថម្ភ នៅតាមតំបន់ជនបទនៃប្រទេសនេះដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ី។
បណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអ៊ឺរ៉ុប បានព្រមព្រៀងគ្នាកាលពីខែមុនថា នឹងពិនិត្យមើលលទ្ធភាព ដាក់ទណ្ឌកម្មលើក្រុមហ៊ុនសហគ្រាសនានា ដែលកាន់កាប់ដោយយោធា ប៉ុន្តែបានច្រានចោលលទ្ធភាព កាត់បន្ថយការអនុគ្រោះផ្នែកពាណិជ្ជកម្ម សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចៀសវាងប៉ះពាល់ដល់កម្មករក្រីក្របំផុតក្នុងវិស័យវាយនភណ្ឌ។
ប្រទេសមីយ៉ាន់ម៉ា ទទួលបានការអនុគ្រោះពន្ធ EBA ដោយមិនយកពន្ធនាំចូលលើគ្រប់ទំនិញទាំងអស់ លើកលែងតែសព្វាវុធ និងរំសេវផ្ទុះចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលមានអ្នកប្រើប្រាស់ប្រមាណ ៤៥០លាននាក់៕