ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ បណ្តារដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ានបានសម្រេចអនុម័ត វិស័យសេដ្ឋកិច្ចជាអាទិភាពសម្រាប់អាស៊ាន (PED) ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២១ និងបានធ្វើការកត់សំគាល់អំពី វិស័យជាអាទិភាពប្រចាំឆ្នាំនៃអង្គភាពតាមវិស័យនីមួយ។
កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ឋវីដេអូខន់ហ្វឺរ៉េន កាលពីថ្ងៃទី២ និងទី៣មិនាកន្លងមកនេះ។ អង្គប្រជុំបានពិភាក្សា និងផ្តល់ការណែនាំស្តីពី បែបបទសម្រាប់បទបញ្ញត្តិចូលជាធរមាននាពេលអនាគត នៅក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន ក្រៅពីការផ្តល់សច្ចាប័នដោយសមាជិកអាស៊ានទាំងអស់។
នៅក្នុងរបៀបវារៈសដ៏សំខាន់នេះ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ បានបញ្ជាក់ពីដំណើរការ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងផ្តល់ការណែនាំឲ្យពន្លឿននីតិវិធីដំណើរការ នៃការរៀបចំកិច្ចព្រមព្រៀងនេះ សម្រាប់ការចូលជាធរមានឲ្យបានឆាប់។
អង្គប្រជុំបានកត់សំគាល់អំពីស្ថានភាពការងារ ដែលកំពុងត្រូវបានអនុវត្តនៅលើក្របខ័ណ្ឌនៃការបង្កើតប៉ារ៉ាម៉ែត្រ សម្រាប់ការចរចារកិច្ចព្រមព្រៀងអាស៊ាន – អឺរ៉ុប នាពេលអនាគត ព្រមទាំងបានផ្តល់នូវការណែនាំ ដល់ក្រុមការងារតាមវិស័យ ដើម្បីជំរុញដំណើរការទៅមុខ ដោយបន្តរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ក្នុងការកំណត់និងបង្កើតប៉ារ៉ាម៉ែត្ររួមសម្រាប់កិច្ចព្រមព្រៀង អាស៊ាន-អឺរ៉ុប ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានស្វាគមន៍ ចំពោះក្របខណ្ឌនៃការស្តាសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្តនៃក្របខណ្ឌនេះ ព្រមទាំងបានណែ នាំអោយក្រុមការងារតាមវិស័យ ចូលរួមចំណែកក្នុងការអនុវត្ត អោយមានប្រសិទ្ធិភាពខ្ពស់។
ក្រៅពីនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានជម្រាបជូនអំពីវិស័យសេដ្ឋកិច្ចជាអាទិភាពសម្រាប់អាស៊ាន(PED) របស់ប្រ៊ុយណេ រួមមាន សុខាភិបាល ការបង្កើតការងារ និងបង្កើនសមត្ថភាពការងារអាស៊ាន សហគ្រាសម៉ាក្រូ ខ្នាតតូច និងមធ្យម ការសម្របសម្រួលពាណិជ្ជកម្ម ការតភ្ជាប់ឌីជីថល និរន្តរភាព ព្រមទាំងសមាហរណកម្មទីផ្សារមូលធនអាស៊ាន និងសេវាកម្មហិរញ្ញវត្ថុជាដើម៕