ដោយៈ ម៉ាណេត
អន្តរជាតិៈ ក្រុមហ៊ុន Apple បានរាយការណ៍កាលពីថ្ងៃពុធថា ខ្លួននឹងបង្កើតមជ្ឈមណ្ឌបច្ចេកវិទ្យាធំមួយ ដែលត្រូវបានហៅ (silicon design centre) នៅក្នុងតំបន់អឺរ៉ុបស្ថិតនៅទីក្រុងមុយនិច អាល្លឺម៉ង់ និងវិនិយោគជាង១ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។
ការវិនិយោគនេះ គ្រោងធ្វើឡើងក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីពង្រីកក្រុមហ៊ុនរបស់ខ្លួននៅទីនោះ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍របកគំឃើញថ្មី។
ទីក្រុងមុយនិច ជាមជ្ឈមណ្ឌលវិស្វកម្ម និងបច្ចេកវិទ្យាដ៏ធំបំផុតរបស់ក្រមហ៊ុន Apple នៅអឺរ៉ុបដោយមានវិស្វករជិត ១.៥០០នាក់ មកពី ៤០ប្រទេស ដែលធ្វើការលើការរចនាគ្រប់គ្រងថាមពល អ្នកកែច្នៃកម្មវិធី និងបច្ចេកវិទ្យាឥតខ្សែ។
ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថ្មីនេះនឹងក្លាយជាកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏ចម្រើនរបស់ក្រុមហ៊ុន Apple និងកន្លែងស្រាវជ្រាវនិងអភិវឌ្ឍន៍ធំបំផុតនៅអឺរ៉ុប សម្រាប់ឧបករណ៍អេឡិចត្រូនិកចល័ត និងសូហ្វវែរឥតខ្សែ។
ការពង្រីកនេះធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀង តម្លៃ៦០០លានដុល្លាររបស់ក្រុមហ៊ុន Apple ជាមួយក្រុមហ៊ុនរចនាបន្ទះឈីបអង់គ្លេស-អាឡឺម៉ង់ Dialog Semiconductor ក្នុងឆ្នាំ២០១៨ ដើម្បីនាំក្រុមរចនាបន្ទះឈីបថាមពលសំខាន់ៗ ដែលប្រើក្នុងទូរស័ព្ទ iPhone និងឧបករណ៍ផ្សេងទៀត៕ (១ដុល្លារ = ០,៨៤០៨ អឺរ៉ូ)៕