ការសិក្សា៖ ក្នុងចំណោម​វិនិយោគិន ១០នាក់ មាន ៧នាក់​គ្រោង​វិនិយោគ​បន្ថែម​ក្នុង​បដិសណ្ឋារកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងឆ្នាំនេះ

ដោយៈ​សុខុម

សិង្ហ​បុរី:  ការស្ទង់មតិ​ថ្មី​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន JLL Hotel & Hospitality Group បានបង្ហាញ​នៅ​សប្ដាហ៍​នេះ​ថា វិនិយោគិន​ជាង៧០% គ្រោង​បោះទុន​វិនិយោគ​បន្ថែម ក្នុង​វិស័យ​សណ្ឋាគារ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ឆ្នាំ២០២១ នេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Strait Times ចុះផ្សាយ​កាលពី​ថ្ងៃទី៩ មីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​ផ្ដល់​សេវា​ប្រឹក្សា​យោបល់ ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​នួ​យ​នេះ​រំពឹងថា បណ្ដា​វិនិយោគិន នឹង​បោះទុន​រហូតដល់​ប្រមាណ៧ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​វិនិយោគ​ក្នុង​វិស័យ​សណ្ឋាគារ​ក្នុង​តំបន់​នៅ​ឆ្នាំនេះ ដោយ​កើនឡើង២០% បើ​ធៀប​ទៅនឹង​ឆ្នាំ២០២០ ដែល​ទុនវិនិយោគ​ក្នុង​វិស័យនេះ មាន​ត្រឹម៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក។

បណ្ដា​វិនិយោគិន នៅតែមាន​ទំនុកចិត្ត លើ​ការវិនិយោគ​រយៈពេល​វែង​បែបនេះ​គួរ ឱ្យ​សាទរ ទោះបី​រង​ផលប៉ះពាល់​ពី​វិបត្តិ​ឆ្លង​រាតត្បាត​កូ​វីដ-១៩ ដែល​បានធ្វើ​វិស័យ​ទេសចរណ៍​ដាំ​ក្បាល​ចុះ​ខ្លាំង ដោយសារ​ការធ្វើដំណើរ​ជា​អន្តរជាតិ នៅតែ​មានការ​រឹតបន្តឹង​នៅឡើយ​យ៉ាងណាក្ដី។

លោក Nihat Ercan ប្រធាន​ផ្នែក​វិនិយោគ​នៅ​ក្រុមហ៊ុន JLL ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​លើកឡើងថា  “សុទិដ្ឋិនិយម​ជុំវិញ​ការ​ចែកចាយ​វ៉ាក់សាំង និង​ការ​ងើបឡើង​វិញ​នៅ​ទីបំផុត​ក្នុង​វិស័យ​ទេសចរណ៍ បានចាប់ផ្ដើម​ជំរុញឱ្យមាន​សកម្មភាព ហើយ​បណ្ដា​វិនិយោគិន​មិន​ចង់​ខកខាន​ឱកាសល្អ​បែបនេះ​ឡើយ” ។

ក្រុមហ៊ុន JLL ក៏​ព្យាករ​ដែរ​ថា គម្លាត​តម្លៃ និង​ការរំពឹងទុក​រវាង​អ្នកទិញ និង​អ្នកលក់​អចលនទ្រព្យ​នឹង​រួម​តូច។ បណ្ដា​វិនិយោគិន​រំពឹងថា នឹងមាន​ការបញ្ចុះ​តម្លៃ​ចន្លោះ​ពី២០% ទៅ ៣០% ខណៈដែល​អ្នកលក់​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចុះតម្លៃ​ត្រឹម១០% ។

ផ្អែក​តាម​ការស្ទង់មតិ​របស់​ក្រុមហ៊ុន JLL លើ​វិនិយោគិន​ចំនួន១០០នាក់ កាលពី​ខែមករា ដើមឆ្នាំ២០២១នេះ មាន​វិនិយោគិន៥២%បានបង្ហាញ ចំណាប់អារម្មណ៍​លើ​ប្រទេស​ជប៉ុន។ ៤៦% ចាប់អារម្មណ៍​លើ​អាស៊ីអាគ្នេយ៍ ៣១% ចាប់អារម្មណ៍​លើ​ប្រទេស​អូស្ត្រាលី និង២២% ចាប់អារម្មណ៍​លើ​ប្រទេស​ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here