ក្រសួងការងារៈមកដល់ពេលនេះមិនទាន់មានរោងចក្រកាត់ដេរណាមួយធ្វើការបែងចែកការងារឆ្លាស់វេន

ដោយ:គង់ ម៉ាលីនណា

ភ្នំពេញ: មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រោយការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ឱ្យបង្កើនការប្រុងប្រយ័ត្ន និងស្នើបុគ្គលិកឱ្យធ្វើការនៅផ្ទះតាមអនឡាញ និងមានការឆ្លាស់វេនគ្នាជាប្រចាំ ដើម្បីជៀសវាងពីការឆ្លងជំងឺកូវីដ១៩ មកដល់ពេលនេះពុំទាន់ឃើញមានរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ អាចចូលរួមអនុវត្តបានទេ មូលហេតុដោយសារការងារទាមទារឱ្យចូលរួមធ្វើទាំងអស់គ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាននាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ុក ចាន់ធូបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងមកថា ទោះបីជាមិនមានការចូលរួមការងារឆ្លាស់វេនយ៉ាងណាក្តី ប៉ុន្តែពួកគាត់នៅតែបន្តអនុត្តន៍ និងគោរពតាមការណែនាំរបស់រដ្ឋាភិបាល ដែលបានដាក់ចេញ ដូចជា រក្សាគម្លាត ពាក់ម៉ាស និងលាងសម្អាតដៃជាប្រចាំ ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩។

លោកបន្តថា “ដោយសារនៅក្នុងសហគមន៍ ពាក់ព័ន្ធបងប្អូនកម្មករក្នុងវិស័យកាត់ដេរ វាអត់មានការលេចធ្លោណាមួយទេ ក៏ប៉ុន្តែនៅក្នុងវិស័យកាត់ដេរកន្លែងធ្វើការគាត់រក្សាគន្លាតល្អ របៀបម៉េច ព្រោះម៉ាស៊ីនដេរនីមួយៗមួយម៉ែត្រកន្លះពីគ្នា ដែលពិបាកត្រង់តែចេញ និងចូលក្នុងអគារផលិតកម្មដែលគាត់ត្រូវតំរង់ជួរ និងមានការណែនាំពីក្រុមអធិការកិច្ចការងារ”។ លោកបន្តថា យើងមើលសកម្មភាពទាំងអស់ របស់ក្រុមអធិការការងារ ថ្នាក់ក្រសួងក៏ពិនិត្យមើលគ្រប់ជ្រុងជ្រោយ ថ្នាក់រាជធានី ខេត្តក៏ត្រូវមើលគ្រប់ជ្រុងជ្រោយដែរ នូវបញ្ហាការការពារទប់ស្កាត់ការរីករាលដាលនេះ”។

ជាមួយគ្នានេះ លោក សឿន រ៉ាវុធ ប្រធានរដ្ឋបាលរោងចក្រ ខៃណេង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងដែរថា ទាក់ទងការចូលរួមអនុវត្តន៍ទប់ស្កាត់ ជំងឺកូវីដ១៩គឺយើងនៅតែបន្តតាំងពីដើមរហូតមក ដោយអនុវត្តន៍ទូទៅដូចជាការវ៉ាស់កម្តៅ ឱ្យកម្មករពាក់ម៉ាស មុននឹងអនុញ្ញាតឱ្យចូលធ្វើ និងបាញ់អាល់កុលជាដើម ដែលជាការងារប្រចាំថ្ងៃ ប៉ុន្តែបើចំពោះការងារផ្លាស់ប្តូរវេន យើងមិនអាចធ្វើបាន ដោយសារពិបាកក្នុងការគ្រប់គ្រង។ មួយវិញទៀតបងប្អូនកម្មករ បើយើងឱ្យគាត់ធ្វើការឆ្លាស់វេន គឺមានការពិបាកដោ​យសារគាត់ត្រូវមកពីផ្ទះគាត់ គាត់ត្រូវជិះឡានឈ្នួលហើយទាក់ទង និងឡានត្រូវដឹកពួកគាត់មក ក៏គេអត់អាចរៀបជូនពួកយើងបានញ្ចឹងដែរ។

លោកបន្តថា “ដោយសារពួកខ្ញុំធ្វើជាសង្វាក់ខ្សែទឹកហូរអញ្ចឹង យើងអត់អាចធ្វើការឆ្លាស់បាន ប្រសិនបើជាដាច់ចង្វាក់ទឹកណាមួយ មានន័យថាគាំងវាពិបាកត្រង់ចំណុចនឹង”។ លោកបន្តថា “ជាទូទៅធម្មតារោងចក្រ គឺខ្ញុំដាក់គន្លាតពួកគាត់ គឺ១ម៉ែត្រ មានន័យថាគាត់អង្គុយ១ម៉ែត្រៗ គឺអត់ដែលមានការប្រែប្រួល ពួកខ្ញុំពីដើមមកអត់មានបញ្ហាក៏រៀបចំកន្លែងធំ។ បច្ចុប្បន្នរោងចក្រនេះ មានកម្មករនិយោជិតសរុបចំនួនជាង១,៨០០នាក់”។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់ នាយករោងចក្រ សហគ្រាស និងកម្មករ និយោជិតទាំងអស់ ត្រូវរឹតបណន្តឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ  (ការពាក់ម៉ាស, ការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាពសង្គម) និងវិធានការ ៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់ កុំទៅកន្លែងមានមនុស្សច្រើនកុះករ ដែលមិនដឹងប្រភពច្បាស់លាស់ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា) និងត្រូវផ្តល់ព័តមាន ទៅក្រសួងសុខាភិបាលជាបន្ទាន់ ក្នុងករណីមានរោគសញ្ញាសង្ស័យណាមួយកើតឡើង ចំពោះកម្មករនិយោជិត។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here