ដោយៈសុខុម
ភ្នំពេញៈ ការរកស៊ីក្នុងវិស័យអចលនទ្រព្យ ការក្ដោបក្ដាប់ព័ត៌មានទីផ្សារបានច្រើននៅក្នុងដៃ គឺជាចំណែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន ហើយសំណួរមួយដែលគេច្រើនតែលើកយកមកសួរនោះគឺ“តើមានវិធីសាស្ត្រអ្វី ដែលអាចឱ្យយើងរកប្រាក់ចំណេញបានខ្ពស់នៅក្នុងការទិញលក់អចលនទ្រព្យ?។
តាមធម្មតា ទីផ្សារអចលនទ្រព្យមានដំណើរការយឺតយ៉ាវ ហើយការគ្រប់គ្រងមានការងារច្រើនគួរឱ្យធុញទ្រាន់។ ទោះជាយ៉ាងណា ដោយសារការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យា ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើង ហើយទិន្នន័យកាន់តែច្រើនអាចរកបានជាសាធារណៈ វិស័យអចលនទ្រព្យបានវិវឌ្ឍន៍ខ្លួនស្ងាត់ៗ ទៅជាអាជីវកម្មដែលរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើល ដោយមនុស្សអាចទិញ លក់ និងដំណើរការអចនទ្រព្យបានកាន់តែងាយស្រួល និងឆាប់រហ័សជាមួយនឹងជំនួយពីប្រព័ន្ធបច្ចេកវិទ្យា។
ខាងក្រោមនេះជាគន្លឹះសំខាន់៣យ៉ាង នៃការប្រើបច្ចេកវិទ្យាដោយភាពឆ្លាតវៃ ដើម្បីបង្កើនប្រាក់ចំណេញឱ្យបានខ្ពស់ក្នុងទីផ្សារអចលនទ្រព្យ៖
ទទួលបានកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃក្រោមទីផ្សាររាល់ថ្ងៃ
ប្រព័ន្ធចុះបញ្ជីអចលនទ្រព្យមានខុសៗគ្នា នៅក្នុងប្រទេស និងបណ្ដាទីក្រុងផ្សេងគ្នា ប៉ុន្តែប្រទេស និងទីក្រុងទាំងអស់នោះ គឺមានចំណុចដូចគ្នាជាទូទៅមួយនោះគឺការបើកទូលាយ និងការមានទិន្នន័យសម្បូរបែប។ កម្មវិធីសូហ្វវែរកុំព្យូរទ័រអាចឱ្យអ្នកធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតបានរាល់វិនាទី ដើម្បីស្វែងរកអចលនទ្រព្យចុះបញ្ជីថ្មីៗ ព័ត៌មានបច្ចុប្បន្នភាព អំពីការចុះបញ្ជីអចលនទ្រព្យនាពេលបច្ចុប្បន្ន ហើយយល់ដឹងស៊ីជម្រៅអំពីអចលនទ្រព្យ។ ប្រព័ន្ធបច្ចេកវិទ្យា AI (បញ្ញាសិប្បនិមិត្ត) មានសមត្ថភាពអាចធ្វើការវិភាគបានមួយចំនួនធំលើការចុះបញ្ជីអចលនទ្រព្យ ធ្វើការប្រៀបធៀបការចុះបញ្ជីអចលនទ្រព្យទាំងនោះទៅនឹងការចុះបញ្ជីអចលនទ្រព្យស្រដៀងគ្នា និងប្រវត្តិប្រតិបត្តិការ ហើយប៉ាន់ស្មានតម្លៃក្នុងទីផ្សារបានយ៉ាងត្រឹមត្រូវ។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាAI បណ្ដាអ្នកវិនិយោគ ក្នុងវិស័យអចលនទ្រព្យអាចស្រាវជ្រាវរកអចលនទ្រព្យទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារបាន២៤ម៉ោង លើ២៤ ម៉ោង ហើយអាចធ្វើសកម្មភាពរហ័សជាងអ្នកដេញថ្លៃផ្សេង។ ការទិញបានថោកជាងតម្លៃទីផ្សារ មានន័យថា អ្នកបានចំណេញនៅពេលទិញរួចទៅហើយ គឺមិនមែនចាំចំណេញនៅពេលលក់ចេញវិញនោះទេ។
កែលម្អការគ្រប់គ្រងអចនទ្រព្យ បង្កើនប្រាក់ចំណូល
ប្រព័ន្ធសូហ្វវែរ Software-as-a-service (SaaS) គឺជាជម្រើសមួយ ដែលងាយស្រួលប្រើ សម្រាប់អ្នកវិនិយោគជាស្ថាប័ន ដើម្បីកែលម្អប្រតិបត្តិការគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួនឱ្យកាន់ប្រសើរឡើង និងដើម្បីទទួលបានប្រាក់ចំណេញកាន់តែខ្ពស់។ សូហ្វវែរ SaaS ជួយអ្នកវិនិយោគធ្វើឌីជីថលនីយកម្មការវិនិយោគ និងកិច្ចព្រមព្រៀងជួល កំណត់ការលោត ឱ្យសញ្ញាដឹងអំពីការផុតសុពលភាព តាមដានប្រាក់ចំណូលបានពីការជួល និងថ្លៃចំណាយប្រតិបត្តិការ។
សូហ្វវែរ SaaS ក៏ជួយអ្នកវិនិយោគអចលនទ្រព្យ ធ្វើការវិភាគលើទម្លាប់នៃការទូទាត់របស់អ្នកជួល ដើម្បីកាត់បន្ថយការបង់យឺត និងធ្វើឱ្យរំហូរសាច់ប្រាក់ល្អប្រសើរឡើងផងដែរ។ ពេលនេះអ្នកវិនិយោគលើអចលនទ្រព្យ មានពេលច្រើនជាងមុននៅក្នុងការសិក្សាអំពីការទិញលក់ ការប្រើយុទ្ធសាស្ត្រ ឬការសម្រួលថ្លៃជួលជាជាងចំណាយពេលច្រើនលើការធ្វើលិខិតស្នាមដូចមុន។
លក់ និងជួលបានតម្លៃខ្ពស់
បច្ចេកវិទ្យា AI មិនត្រឹមតែអាចស្វែងរកអចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចតាមដានពីអាយុកាលរបស់វា និងការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀតផង។ តាមរយៈការស្វែងយល់ពីទំនាក់ទំនង រវាងតម្លៃក្នុងទីផ្សារអចលនទ្រព្យ និងទិន្នន័យសេដ្ឋកិច្ច ក៏ដូចជា ទិន្នន័យហិរញ្ញវត្ថុពីពេលកន្លងមក បច្ចេកវិទ្យា AI អាចព្យាករដឹងពីតម្លៃទីផ្សារអចលនទ្រព្យ និងការជួលទាំងពេលបច្ចុប្បន្ន និងអនាគត។
អ្នកវិនិយោគអចលនទ្រព្យ អាចធ្វើការសម្រេចចិត្តកាន់តែឆ្លាតវៃជាងមុន និងមានព័ត៌មានច្រើនជាងមុន ទាក់ទងនឹងការលក់អចលនទ្រព្យរបស់ខ្លួន ហើយចុងក្រោយគឺបង្កើនប្រាក់ចំណេញ។
លើសពីនេះទៀត បច្ចេកវិទ្យា AI ទំនើបមួយចំនួនថែមទាំងអាចព្យាករ ដឹងពីតម្លៃទីផ្សារ និងតម្លៃដែលបានធ្វើបច្ចុប្បន្នភា ពជាមួយលក្ខខណ្ឌខុសៗគ្នាទៀតផង។ ចំណូលពីការវិនិយោគ(Return on Investment) គឺច្បាស់លាស់ណាស់ មុនពេលចាប់ផ្តើមសាងសង់ប្រភេទណាមួយ។ ដូច្នេះអ្នកវិនិយោគអាចធ្វើការសម្រេចចិត្ត ដោយងាយស្រួលក្នុងការជួសជុល មុនពេលដាក់អចលនទ្រព្យសម្រាប់លក់ ឬសម្រាប់ជួលនៅលើទីផ្សារ។
បច្ចុប្បន្ន បច្ចេកវិទ្យា និងសូហ្វវែរទាំងប៉ុន្មានខាងលើនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់។ ទោះជាយ៉ាងណា ត្រូវចាំថាសូហ្វវែរបែបនេះ គឺត្រូវបានគេបង្កើតឡើងជាពិសេសតម្រូវទៅតាមទីផ្សារក្នុងស្រុក តាមភាពជាក់ស្ដែង ទើបទទួលបានលទ្ធផលល្អប្រសើរ។
ដូចនេះអ្នកគួរតែស្វែងរកអ្នកផ្តល់សេវាក្នុងស្រុក ដើម្បីណែនាំអំពីវិធីប្រើប្រាស់បច្ចេ កវិទ្យាទាំងនេះ ឱ្យត្រូវនឹងទីផ្សារក្នុងស្រុក ហើយត្រៀមខ្លួនទទួលបានភាពជោគជ័យនៅក្នុងយុគសម័យឌីជីថលនេះ៕