ដោយៈ ម៉ាណេត
ភ្នំពេញៈ កិច្ចប្រជុំសំខាន់បំផុតប្រចាំឆ្នាំរបស់ចិន បានបង្ហាញពីគោលដៅ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលមធ្យម និងវែងរបស់ទីក្រុងប៉េកាំង ដែលអ្នកជំនាញជឿជាក់ថា នឹងមិនត្រឹមតែជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាព និងទំនើបកម្មរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ពិភពលោក ជាពិសេសអាស៊ានផងដែរ។
ប្រទេសអាស៊ានទាំង១០ ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ របស់ប្រទេសចិន នឹងទទួលបានផលប្រយោជន៍ ពីយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ដរាបណាអាស៊ានប្រកាន់យកគោលនយោបាយការបរទេស ដែលមានលក្ខណៈមិត្តភាពជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Star Online នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ។
នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង កាលថ្ងៃទី៥ ខែមីនាកន្លងទៅ លោកលី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន បានបង្ហាញផែនការសេដ្ឋកិច្ច៥ឆ្នាំលើកទី១៤ (២០២១-២០២៥) ហើយបានប្រកាសថា ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចច្រើនជាង៦ភាគរយ សម្រាប់ឆ្នាំ២០២១ ដោយផ្តោតលើការអភិវឌ្ឍ ដែលមានគុណភាពខ្ពស់ សេដ្ឋកិច្ចបៃតង ការធ្វើទំនើបកម្ម និងការច្នៃប្រឌិត។
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ដែលជាប្រទេសដំបូងគេ ដែលរងការវាយប្រហារ និងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ បានកើនឡើងត្រឹមតែ២,៣ភាគរយ ក្នុងឆ្នាំ២០២០ ។ យ៉ាងណាក៏ដោយប្រទេសចិន ជាប្រទេសសេដ្ឋកិច្ចតែមួយគត់ ដែលបានប្រកាសពីកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុន។
លោកលី ខឺឈាង ក៏បានប្រកាសផងដែរថា ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក ចង់បង្កើនទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេរដង ដែលមានទំហំទឹកប្រាក់២០២ទ្រីលានយ័ននៅឆ្នាំ២០៣៥ ខណៈមានទំហំទឹកប្រាក់១០២ទ្រីយ័ននៅឆ្នាំ២០២០ ។
ក្នុងរយៈពេល៥ឆ្នាំខាងមុខ ទីក្រុងប៉េកាំងនឹងមានគោលបំណង ដើម្បីរក្សាអត្រាគ្មានការងារធ្វើឱ្យទាប និងព្យាយាមបង្កើនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧ភាគរយ ដោយបង្កើនការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍ និងបង្កើតគំរូអភិវឌ្ឍន៍ថ្មីមួយ។
លោកបណ្ឌិត Chin Yew Sin ប្រធានសម្របសម្រួលមួយរូប នៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានឱ្យដឹងថា យុទ្ធសាស្ត្រគម្រោងផ្លូវមួយ និងក្រវ៉ាត់មួយ (BRI) របស់ចិនក្រោមផែនការ៥ឆ្នាំលើកទី១៤របស់ខ្លួន អាចជួយឱ្យទីក្រុងប៉េកាំងសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ខ្លួន។
លោកបានថ្លែងថា “ចន្លោះពីឆ្នាំ២០១៣ ដល់២០១៩ ប្រទេសចិនបានចុះហត្ថលេខាជាមួយស្រុកចំនួន១៣៨ រួមទាំងបណ្តាប្រទេសអាស៊ាន សម្រាប់ការអភិវឌ្ឍគម្រោងសរុបចំនួន ៧៩០នៃគម្រោង BRI ។ គម្រោង BRI នៅក្រៅប្រទេស ដែលអនុវត្តន៍ដោយប្រទេសចិន នឹងជួយជំរុញអត្រាកំណើនសេដ្ឋកិច្ច របស់ប្រទេសចិនប្រមាណមួយភាគរយជារៀងរាល់ឆ្នាំ” ។
លោកបណ្ឌិត Chin ដែលជាទីប្រឹក្សាសមាគម Global One Belt One Road Association (តំបន់អាស៊ីប៉ាស៊ីហ្វិក) មានប្រសាសន៍ថា “គម្រោង BRI ដែលត្រូវបានអនុវត្តនៅប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ានដទៃទៀត នឹងជួយលើកកម្ពស់អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះផងដែរ” ។
លោកបណ្ឌិតជឿជាក់ថា តម្រូវការរបស់ចិនសម្រាប់ផលិតផល និងផលិតធម្មជាតិរបស់អាស៊ាន នឹងមានកាន់តែច្រើន នៅពេលចិនវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ នៅលើពិភពលោកមុនឆ្នាំ២០៣៥ ៕