មន្ត្រីជាន់ខ្ពស់​ពន្ធដា​រៈ ពន្ធ​លើ​ចំណេញ​មូលធន​ផ្តល់​ផលប្រយោជន៍ធំៗចំនួន​ពីរ​ដល់​ប្រជាពលរដ្ឋ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ពន្ធដារ​បាន​លើកឡើងថា ពន្ធ​លើ​ចំណេញ​មូលធននឹង​ផ្តល់​ផលប្រយោជន៍ធំៗចំនួន​ពីរ ដែល​ក្នុងនោះ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ធានា​នូវ​ចីរភាព នៃ​កំណើន​ចំណូល​ពន្ធ និង​ពង្រឹង​បាន​នូវ​ស្ថិរភាព​តម្លៃ​អចលនទ្រព្យ​សម្រាប់​ប្រជាជន។

លោក​បណ្ឌិត​កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ព​ន្ធា​រ បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​នៅឯ​សិក្ខាសាលា​មួយ​ស្តីពី “ពន្ធ​លើ​ចំណេញ​មូលធន”ថា ការដាក់ឱ្យ​អនុវត្តន៍​ពន្ធ​លើ​ចំណេញ​មូលធន​នេះ ទី១ នឹង​ធានាបាន​នូវ​សមធម៌ នៃ​ការបង់ពន្ធ​ដែល​នីតិបុគ្គល បាន​អនុវត្ត​បង់ពន្ធ​នេះ តាំងពី​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា ចាប់​អនុវត្ត​នូវ​របប​ស្វ័យ​ប្រកាស និង​ធានា​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេស​ព​ន្ឋ​មូលធននឹង​ធានា​នូវ​ចីរភាព នៃ​កំណើន​ចំណូល​ពន្ធ ស្របតាម​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សារ​ធារ​ណៈ និង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ ហើយ​ទី២) និង​ពង្រឹង​បាន​នូវ​ស្ថិរភាព តម្លៃ​អចលនទ្រព្យ តាមរយៈ​ការកាត់បន្ថយ​ការលក់​បំប៉ោង​តម្លៃ​អចលនទ្រព្យ ហើយ​ប្រជាពលរដ្ឋ និង​វិនិយោគិន​អាច​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ​សមរម្យ។

លោក​បាន​បញ្ជាក់ថា ពន្ធ​លើ​ចំណេញ​មូលធន ត្រូវបាន​លើកលែង ចំពោះ​ការលក់ ឬ​ផ្ទេរ​មូលធន​មួយចំនួន​រួមមាន ទី១ ទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​ស្ថាប័នរដ្ឋ ទី២ ទ្រព្យ​ជា​កម្មសិទ្ធិ​របស​បេសកកម្ម​ទូត ឬ​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស នៃ​រដ្ឋាភិបាល​ដទៃ។

ទី៣ និវាសនដ្ឋាន​ជា​គោល​ដើម​របស់​អ្នក​ជាប់ពន្ធ ដែល​បាន​កាន់កាប់​ក្នុង​រយៈពេល​យ៉ាងតិច៥ឆ្នាំ មុនពេល​លក់​ឬ​ផ្ទេរ។ ក្នុងករណី​មាន​និវាសនដ្ឋាន​ច្រើនជាង​មួយ ឬ​អ្នក​ជាប់ពន្ធ និង​សហព័ទ្ធ​មាន​និវាសនដ្ឋាន​ផ្សេង​ពីគ្នា និវាសនដ្ឋាន​តែមួយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ជា​និវាសនដ្ឋាន​ជា​គោល​ដើម។

ទី៤ អចលនទ្រព្យ​ក្នុង​រង្វង់​ញាតិ ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ ស្តីពី​ពន្ធ​ប្រថាប់ត្រា វៀរលែងតែ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​រវាង​បងប្អូន​បង្កើត និង​បងប្អូន​បង្កើត រវាង​ឪពុក-ម្តាយក្មេក​និង​កូនប្រសារ និង​រវាង​យាយ-តា​ក្មេក​និង​ចៅ​ប្រសារ និង​ទី៥ ទ្រព្យ​ដែល​ត្រូវបាន​លក់​ឬ​ផ្ទេរ ដើម្បី​ប្រយោជន៍​សាធារណៈ ស្របតាម​ច្បាប់​អស្សាមិក​រណ៍។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា ពន្ធ​លើ​ចំណេញ​មូលធន​គ្រោង​នឹង​អនុវត្ត​ចាប់ពី​ដើមឆ្នាំ២០២២ ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here