ដោយៈ សុខុម
សិង្ហបុរី់ លោកនាយករដ្ឋមន្រ្តីលី សៀនឡុងបានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ មីនាថា លោកសង្ឃឹមថា ប្រទេសសិង្ហបុរី នឹងអាចចាប់ផ្តើមបើកព្រំដែនរបស់ខ្លួនឡើងវិញនៅចុងឆ្នាំ២០២១ ខណៈប្រទេសជាច្រើនកំពុងបង្កើនការចាក់វ៉ាក់សាំងប្រឆាំងការឆ្លងរាតត្បាតវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។
ប្រទេសសិង្ហបុរី បានដាក់បម្រាមភាគច្រើនលើការធ្វើដំណើរកម្សាន្ត ប៉ុន្តែបានអនុញ្ញាតការដំណើរសម្រាប់កិច្ចការជំនួញ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ ប្រទេសនេះក៏កំពុងពិភាក្សាអំពីការទទួលស្គាល់ទៅវិញទៅមកនូវវិញ្ញាបនបត្រវ៉ាក់សាំងជាមួយប្រជាជាតិដទៃទៀតផងដែរ។
លោកថ្លែងថា “ខ្ញុំសង្ឃឹមថា បើប្រទេសជាច្រើនអាចចាក់វ៉ាក់សាំងពលរដ្ឋរបស់ខ្លួនបានភាគច្រើននៅចុងឆ្នាំនេះ យើងនឹងមានទំនុកចិត្ត ហើយបង្កើតប្រព័ន្ធមួយ ដើម្បីបើកព្រំដែនអន្តរជាតិរបស់យើង ដើម្បីការធ្វើដំណើរដោយសុវត្ថិភាពជាថ្មីឡើងវិញ។ សង្ឃឹមថានៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ ទ្វារព្រំដែនអាចនឹងចាប់ផ្តើមបើកឡើងវិញទៅចុះ”។
ប្រទេសសិង្ហបុរី គ្រប់គ្រងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានយ៉ាងល្អ ដោយករណីឆ្លងក្នុងស្រុកមានចំនួនតិចតួចប៉ុណ្ណោះ ហើយបាននិងកំពុងអនុវត្តកម្មវិធីវ៉ាក់សាំងរបស់ខ្លួន ដោយបានអនុម័តឱ្យចាក់វ៉ាក់សាំងដូចជា Pfizer-BioNTech និង Moderna។
គិតត្រឹមថ្ងៃទី៨ មីនា ប្រទេសនេះចាក់វ៉ាក់សាំងបានត្រឹមតែជាង៦១១.០០០ដូសប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋសិង្ហបុរី៥,៧លាននាក់ គឺយឺតជាងឆ្ងាយណាស់ បើធៀបទៅនឹងប្រទេសធំៗជាច្រើន។ ប៉ុន្តែប្រទេសនេះបានបញ្ជាក់ថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងពលរដ្ឋឱ្យបានគ្រប់គ្នានៅចុងឆ្នាំនេះ។
ប្រទេសសិង្ហបុរី ក៏បានទទួលយកវ៉ាក់សាំង Sinovac Biotech របស់ចិន ផងដែរ នៅមុនការអនុម័តឱ្យចាក់ជាផ្លូវការ។ លោកលី សៀនឡុង បានថ្លែថា ប្រទេសសិង្ហបុរី កំពុងវាយតម្លៃវ៉ាក់សាំងនេះ ហើយនឹងប្រើវា ប្រសិនបើវាជាប់ការធ្វើតេស្តស្តង់ដារសុវត្ថិភាព និងប្រសិទ្ធភាព។
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានដាំក្បាលចុះធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរម្ដងរួចទៅហើយក្នុងឆ្នាំ២០១៩ ដោយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន៕