ស្ករត្នោតកំពង់ស្ពឺមានទីផ្សារទាំងក្នុងនិងក្រៅប្រទេសជួយកែប្រែជីវភាពពលរដ្ឋដែលប្រកបរបរនេះ

ដោយៈលក្ខិណា

កំពង់ស្ពឺៈ ចាប់តាំងពីផលិតផលស្ករត្នោតកំពង់ស្ពឺ ទទួលស្គាល់ជាផលិតផលសម្គា​ល់ភូមិសាស្ត្រ ធ្វើឱ្យតម្រូវការផលិតផលនេះ នៅលើទីផ្សារអន្តរជាតិកាន់តែមានច្រើន និងបានជួយកសិករកម្ពុជា ជាពិសេសកសិករក្នុងខេត្តកំពង់ស្ពឺ មានការផ្លាស់ប្តូរជីវភាព ជាមួ​យនឹងប្រាក់ចំណូលប្រមាណ៣០០០ ទៅ៥០០០ដុល្លារក្នុងមួយឆ្នាំៗ។

លោកសាង ប៉ាង អ្នកប្រកបរបរឡើងត្នោតនៅខេត្តកំពង់ស្ពឺបានឱ្យដឹង កាលពីមុនលោក គឺជាអ្នកចំណាកស្រុកមួយរូប ទៅធ្វើការនៅភ្នំពេញផង និងនៅប្រទេសថៃផង តែដោយសារតែធ្វើការនៅខាងក្រៅភូមិយូរទៅ អត់មានសល់អ្វីជាដុំកំភួន លោកក៏ត្រលប់មកស្រុកកំណើតវិញ ដោយប្រកបរបរឡើងត្នោតយកទឹកផលិតជាស្ករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កាលពីដំបូងៗ ខ្ញុំធ្វើរបរនេះបណ្ដើរហើយ ហាក់មិនសូវមានសង្ឃឹមនោះទេ ដោយភរិយាជាអ្នកទុកដាក់ស្ករត្នោតដែលផលិតបាន ដល់តែទុកយូរៗទៅ ក៏មានក្រុមហ៊ុនចុះមកប្រមូលទិញពីកសិករ”។ លោកបន្តថា “កាលនោះយើងប្រមូលលុយពីស្ករត្នោតនេះ ដំបូងបាន៣០០០ដុល្លារអាមេរិក ហើយក៏មើលឃើញថាបានលុយច្រើនដែរ និងអាចនៅជុំប្រពន្ធកូនទៀតនោះខ្ញុំក៏ពង្រីករបរនេះ ដោយជួលដើមត្នោតពីអ្នកភូមិបន្ថែមដើម្បីគាបយកទឹកផលិតស្ករ”។

លោកសាង ប៉ាងបានបន្តថា ក្នុងមួយឆ្នាំលោកអាចប្រមូលផលពីស្ករត្នោតបាន២    រដូវ ដោយក្រុមហ៊ុនក្នុងស្រុកចុះមកទិញ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាទីផ្សារសហគមន៍ និងទីផ្សារប្រទេសជាច្រើនទៀត ហើយផលិតស្ករដែលកសិករផលិតបានទាំងអស់ អត់ពិបាករកទីផ្សារឬត្រូវយកទៅលក់នៅទីណានោះទេ ពោលគឺខាងក្រុមហ៊ុនចុះមកទិញដល់ទីតាំងតែម្ដង មានប៉ុន្មានគេយកទាំងអស់ ។

ចំណែកលោកសុម សឿត អ្នកឡើងត្នោតនៅខេត្តកំពង់ស្ពឺដែរនោះក៏បានឱ្យដឹងថា ក្នុងមួយថ្ងៃលោកត្រូវឡើងដើមត្នោតជាង២០ដើម ដើម្បីយកទឹកមករំងាស់ជាស្ករត្នោត ។ ទាំងជាង២០ដើមនេះ គិតជាស្ករត្នោតអាចទទួលប្រមាណ១៥គីឡូក្រាម និងលក់ទៅក្រុមហ៊ុនក្នុងរង្វាន់៧០០០រៀលក្នុងមួយគីឡូក្រាម។ អ្វីដែលផលពិបាករបស់លោក គឺលោកមានអាយុកាន់តែច្រើនជិត៦០ឆ្នាំទៅហើយ ហើយមិនយូរទេលោកនឹងធ្វើរបរនេះលែងបានទៀតហើយ ព្រោះកំលាំងកាន់តែធ្លាក់ចុះ។

លោកស្រីប អូន អ្នកផលិតស្ករត្នោតនៅក្នុងខេត្តកំពង់ស្ពឺ ក៏បានឱ្យដឹងថាចាប់តាំងពីស្វាមីអ្នកស្រីប្រកបរបរឡើងត្នោតមក អ្នកស្រីក៏ទទួលបានជីវភាពសមរម្យ មិនខ្វះមុខខ្វះក្រោយដូចមុន ហើយក្នុងមួយឆ្នាំៗ អាចរកបានពី៣០០០ដុល្លារទៅ ៥០០០ដុល្លារដែរ ដែលជាប្រាក់បន្ថែមពីរបរធ្វើស្រែចំការ។

ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺលោកសំ សារឿនបានឱ្យដឹងថា ពីមុនអ្នកឡើងត្នោត ត្រូវគេវាយតម្លៃថាជាអ្នកក្រ តែពេលនេះអ្នកឡើងត្នោតលែងក្រទៀតហើយព្រោះមួយឆ្នាំរកបាន៣០០០ ទៅ៥០០០ដុល្លារអាមេរិក ហើយមិនទាន់បូករួមនឹងចំណូលការងារស្នូលស្រែចំការផង ។

បច្ចុប្បន្ននេះ ស្ករត្នោតកំពង់ស្ពឺ បានទទួលស្គាល់ជាផលិតផល សម្គាល់ភូមិសាស្ត្រ និងបានទទួលស្គាល់គុណភាព ពីប្រទេសអឺរ៉ុប និងប្រទេសជាច្រើនទៀត នៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យតម្រូវការស្ករត្នោតកំពង់ស្ពឺ កាន់តែច្រើននៅលើទីផ្សារបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here