ដោយ សុខុម
សេអ៊ូល: ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូង បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៥ មីនាថា Samsung Electronics ដែលជាក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ប្រទេសនេះបានដេញថ្លៃឈ្នះគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។
យោងតាមការបញ្ជាក់ថា ក្រុមហ៊ុននេះនឹងផលិតបន្ទះឈីបសម្រាប់រថយន្តបើកបរដោយស្វ័យប្រវត្តិជំនាន់ក្រោយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ Waymo LLC ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alphabet Inc ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google។
ដកស្រង់ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ កាសែត Herald Business បានចុះផ្សាយថា ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង មួយនេះនឹងផលិតបន្ទះឈីបដែលទិន្នន័យកុំព្យូទ័រត្រូវបានប្រមូលពីប្រព័ន្ធស៊ិនស័រដំឡើងក្នុងរថយន្តបើកបរដោយស្វ័យប្រវត្តិ ហើយបញ្ជូនទិន្នន័យទាំងនោះទៅឱ្យមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន Google។
តាមការរំពឹងទុក គម្រោងនេះនឹងត្រូវអនុវត្តដោយក្រុម Custom SOC Business Team របស់ System LSI ដែលជាផ្នែកអភិវឌ្ឍន៍បន្ទះឈីបរបស់ក្រុមហ៊ុន Samsung។
ទោះជាយ៉ាងណា ក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយទេទាក់ទិននឹងបញ្ហាក្រុមហ៊ុនជាអតិថិជនរបស់ខ្លួន។ ចំណែកឯក្រុមហ៊ុន Alphabet ក៏មិនបានឆ្លើយបំភ្លឺនោះដែរជុំវិញបញ្ហានេះ៕