អ្នកស្រាវជ្រាវៈ ការ​ប្រែក្លាយ​ដីស្រែ​ទៅជា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​កំពុង​ប្រឈម

ដោយៈ វណ្ណា​រ៉ា

ភ្នំពេញៈ នៅពេល​និយាយ​ពី​ទីផ្សារ​ដី​ឡូ​តិ៍​ភាគច្រើន គេ​តែង​សម្លឹង​ឃើញ​ទៅលើ​ការអភិវឌ្ឍ​ប្រែក្លាយ​ចេញពី​ដីស្រែ ដីចម្ការ ដែលមាន​ទំហំ​ធំ និង​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ក្រុង ឬ​ទីប្រជុំជន​នៃ​ខេត្ត ជាមួយនឹង​ការទទួលបាន​ផលចំណេញ​ដល់៣ភាគី ក្នុងពេល​តែមួយ ប៉ុន្តែ​ក៏មាន​ភាព​ប្រឈម​នឹង​ផលប៉ះពាល់​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​គី សេរី​វឌ្ឍន៍ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា និន្នាការ​នៃ​ការអភិវឌ្ឍ និង​ជួញដូរ​អចលនទ្រព្យ​នៅលើ​ដីស្រែ ដីចម្ការ គឺជា​កា​រវិ​ឌ្ឍ​ថ្មី​មួយ ដែល​ផ្លាស់ប្ដូរ​ពី​ការអភិវឌ្ឍ​ក្នុង​រូបភាព​កសិកម្ម​មកជា​ឧស្សាហកម្ម ជាពិសេស​សម្រាប់​ប្រទេស ដែល​កំពុងអភិវឌ្ឍន៍ ហើយ​នៅពេលដែល​ប្រទេស​មានការ​អភិវឌ្ឍ គួបផ្សំ​នឹង​កំណើន​ប្រជាសាស្ត្រ​ថែមទៀត​នោះ ដីស្រែ​ចម្ការ​សម្រាប់​បង្ក​រ​បង្កើន​ផល​បែប​កសិកម្ម គឺ​ត្រូវ​បាត់បង់​បន្តិចម្ដងៗ ដែល​វា​ជា​រឿង​ធម្មតា​ហើយ នៅតាម​បណ្តា​ប្រទេស​នានា​ក៏មាន​រូបភាព​បែបនេះ​ដូចគ្នា។

លោក​បាន​បន្តថា “ការ​ប្រែក្លាយ​ពី​ប្រភេទ​ដីស្រែ​មកជា​ដី​លំនៅដ្ឋាន ឬ​ដី​សម្រាប់​អភិវឌ្ឍន៍​ក្នុង​វិស័យ​ឧស្សាហកម្ម​បែប​ទំនើប វា​នឹង​ជួយ​ធ្វើឱ្យមាន​កំណើន​នៃ​តម្លៃ​ដីធ្លី និង​ក្លាយជា​វត្ថុ​ដែល​គេ​អាចធ្វើ​ការជួញដូរ​បាន” ។ លោក​បន្តថា “នៅពេលដែល​ដី​បាន​ផ្លាស់ប្ដូរ​ម្ចាស់​កម្មសិទ្ធិ​ពីមួយ​ទៅមួយ បានផ្តល់​នូវ​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ” ។

ចំណូល​នោះ​មាន៣ភាគី ដែល​ទទួលបាន​ប្រយោជន៍ ទី១ ម្ចាស់​ដី​ផ្ទាល់​ទទួលបាន​ចំណូល​គ្រួសារ​ពី​ការលក់ ទី២ គឺ​ក្រុមហ៊ុន​ភ្នាក់ងារ ឬ​ឈ្មួញ​ទទួលបាន​កម្រៃជើងសារ​ពី​ការផ្សារភ្ជាប់​រវាង​អ្នកទិញ​ដែលជា​ម្ចាស់​ដី​ថ្មី និង​អ្នកលក់​ដែលជា​ម្ចាស់​ដី​ដើម និង​ទី៣ រដ្ឋាភិបាល​ក៏​ទទួលបាន​ចំណូល​ជាតិ តាមរយៈ​ការបង់ពន្ធ​ពី​ការលក់។

លោក​បណ្ឌិត​គី សេរ​វឌ្ឍន៍ បាន​មានប្រសាសន៍​បន្តថា “នៅក្នុង​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នេះ​ផងដែរ វា​នឹង​បង្កើតឱ្យមាន​ចរន្ត​ថ្មី​មួយទៀត គឺ​ចរន្ត​នៃ​ការបង្កើត​សាច់ប្រាក់ ដែល​ទាំង​អ្នកលក់ ទាំង​អ្នកទទួលបាន​កម្រៃជើងសា​រ នឹងធ្វើ​ការចាយវាយ​ចូលទៅក្នុង​ទីផ្សារ​រួម ដែល​បាន​ផ្តល់នូវ​ចំណូល​បំពេញបន្ថែម ទៅដល់​អាជីវករ​ផ្សេងទៀត ដោយ​ប្រយោល ហើយ​ចរន្ត​ទាំងអស់នេះ សុទ្ធតែជា​ចលករ​សំខាន់ នៅក្នុង​កិច្ចដំណើរការ​សេដ្ឋកិច្ចជាតិ​ទាំងអស់” ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​បណ្ឌិត​គី សេរី​វឌ្ឍន៍​បាន​មានប្រសាសន៍​ទៀតថា បើទោះជា​ការ​ប្រែក្លាយ​ដីស្រែ ទៅជា​វត្ថុ​ដែល​អាច​ទិញ​លក់បាន ក្នុង​គោលដៅ​បម្រើ​ដល់​ការអភិវឌ្ឍ​ផ្នែក​ឧស្សាហកម្ម ឬ​លំនៅដ្ឋាន​បានធ្វើឱ្យ​កើតមាន​នូវ​ចរន្ត​សាច់ប្រាក់ ដែលជា​ចំណែក​មួយ​នៃ​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​វា​ក៏​អាចមាន​ភាព​ប្រឈម និង​ផលប៉ះពាល់​ផងដែរ។

លោក​ពន្យល់ថា នៅពេល​ការ​ប្រែក្លាយ​ដីស្រែ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជា​ដី​ឡូ​តិ៍ ឬ​សម្រាប់​ឧស្សាហកម្ម​លើសពី​តម្រូវការ ភាព​ប្រឈម​នឹង​ហានិភ័យ​អាច​នឹង​កើតមាន។ សម្រាប់​អ្នក​ដែលមាន​ដើមទុន​គ្រប់គ្រាន់ ក្នុង​ការទិញ​ដីស្រែ និង​អភិវឌ្ឍន៍​ជា​គម្រោង​ដី​ឡូ​តិ៍ អាច​មិនសូវ​ជា​បញ្ហា​នោះទេ ព្រោះ​ប្រសិនបើ​លើសពី​តម្រូវការ ដី​របស់​ពួកគាត់​គឺ​ស្ថិតនៅ​ដំណាក់កាល​ទ្រឹង​មិនមាន​អ្នកទិញ ដូច្នេះ​លុយ​ដែលជា​ទុន​នឹង​កប់​នៅក្នុង​ដី។

ប៉ុន្តែ​ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​ពឹងផ្អែក​ទៅលើ​កម្ចី​ពី​ធនាគារ ហើយ​រំពឹង​ការទទួលបាន​ចំណូល​ពី​ការលក់ ដើម្បី​សង់​ត្រឡប់​ទៅ​ធនាគារ​វិញ​នោះ គឺជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង។ ជាក់ស្ដែង​ដូចជា​បច្ចុប្បន្ន ដែល​កំពុង​ប្រឈម​នឹង​ការ​រាលដាល នៃ​ជំងឺ​កូ​វីដ១៩ រាល់​ការទិញ​លក់​អចលនទ្រព្យ ដីធ្លីផ្សេងៗត្រូវ​ជួប​ភាពស្ងប់ស្ងាត់ ឬ​ជាប់គាំង ដូច្នេះ​នេះ​គឺជា​បញ្ហា​ធំ​បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here