ដោយៈសុខុម
ឥណ្ឌា: ការសិក្សាបង្ហាញថា បណ្តាប្រទេសអ្នកមាន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាចនឹងងើបឡើងវិញពីវត្តិកូវីដ-១៩ លឿនជាងបណ្ដាប្រទេសក្រីក្រ ដោយសារតែភាពខុសគ្នានៃកម្រិតភាពស៊ាំ ប្រព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំង។ នេះបើយោងតាមសារព័ត៌មាន Economic Times ចុះផ្សាយកាលពីថ្ងៃទី២៥ មេសា។
របាយការណ៍សិក្សាមានឈ្មោះថា “Responding to the COVID-19 Pandemic: Leaving no Country Behind” (ការឆ្លើយតបទៅនឹងការឆ្លងរាតត្បាតវីរុសកូវីដ-១៩៖ មិនទុកប្រទេសណាចោល) ដែលធ្វើឡើងដោយធនាគារ ADB អង្គការ UNDP និងអង្គការ UNESCAP នេះលើកឡើងថា ប្រទេសភាគច្រើននឹងត្រូវការពេលច្រើនឆ្នាំ ទម្រាំអាចវិលទៅដល់កម្រិតប្រាក់ចំណូល មុនពេលផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ។
ប្រៀបធៀបទៅនឹងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៩៧-១៩៩៨ របាយការណ៍សិក្សានេះបានលើកឡើងថា ផលប៉ះពាល់នៃជំងឺរាតត្បាតវីរុសកូវីដ-១៩ ទំនងជា “ធ្ងន់ធ្ងរជាង” ។
របាយការណ៍នេះបានគូសបញ្ជាក់ថា បណ្ដារដ្ឋាភិបាលទូទាំងពិភពលោក មិនគួរដកការគាំទ្រ ផ្នែកសារពើពន្ធឆាប់រហ័សពេកនោះឡើយ ហើយថា រដ្ឋគួរតែចាត់វិធានការបន្ថែមទៀត រួមមានទាំងការឧបត្ថម្ភប្រាក់ចំណូលដល់ពលរដ្ឋផងដែរ។
របាយការណ៍នេះបង្ហាញថា ខណៈពេលសមភាពប្រាក់ចំណូល បានធ្លាក់ចុះនៅក្នុងតំបន់ភាគច្រើន នៃទូទាំងពិភពលោកអំឡុងឆ្នាំ១៩៩៥-២០១៥ វាបានកើនឡើងជាង៥%នៅអាស៊ី-ប៉ាស៊ីហ្វិក។
របាយការណ៍នេះបានបញ្ជាក់ថា “ប្រហែល៤០%នៃបណ្ដាប្រទេសក្នុងតំបន់ ភាពមិនស្មើភាពគ្នា នៃប្រាក់ចំណូលបានកើនឡើង។ អ្វីដែលគួរឱ្យព្រួយបារម្ភ គឺភាពមិនស្មើគ្នានៃប្រាក់ចំណូលទីផ្សារ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី បង់ក្លាដែស និងឥណ្ឌា ដែលស្ថិតក្នុងចំណោមប្រទេស មានប្រជាជនច្រើនជាងគេទាំង៥ នៅក្នុងតំបន់ និងដែលមានចំនួនជាង៧០%នៃចំនួនប្រជាជនសរុបក្នុងតំបន់” ។
ភាពខុសគ្នានៃការឆ្លង និងភាពស៊ាំ ស្ថានភាពហិរញ្ញវត្ថុ គុណភាព និងការគ្របដណ្តប់នៃប្រព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងកូវីដ-១៩ សុទ្ធតែជាហេតុដែលអាចនាំទៅរកការងើបឡើងមិនស្មើគ្នា នៅក្នុងបណ្ដាប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយថា បណ្ដាប្រទេសអ្នកមានបំផុត ក្នុងតំបន់អាចនឹងងើបឡើងលឿនជាងបណ្តាប្រទេសក្រីក្រ។
របាយការណ៍នេះលើកឡើងថា មានការព្រួយបារម្ភ ចំពោះល្បឿនមិនស្មើគ្នានៃការទទួលបានវ៉ាក់សាំង។ បណ្ដាប្រទេសអភិវឌ្ឍន៍រួមជាមួយប្រទេសសិង្ហបុរី សាធារណរដ្ឋកូរ៉េ ចិន ឥណ្ឌា សហព័ន្ធរុស្ស៊ី និងតួកគី ប្រហែលជាសម្រេចបានការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋទាំងអស់ នៅក្នុងឆ្នាំ២០២១នេះ ខណៈបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀតនៅអាស៊ី-ប៉ាស៊ីហ្វិក អាចនឹងចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋទាំងអស់នៅក្នុងឆ្នាំ២០២២ ៕