ដោយៈសុខុម
ក្រុងព្រុចសែល: ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី២៦ មេសាថា មហាយក្សចិន ទំនងជាបន្ទន់ឥរិយាបថទទួលយកកំណែទម្រង់ពាណិជ្ជកម្មពិភពលោកបានល្អជាង ប្រសិនបើចិនយល់ថា កំណែទម្រង់ទាំងនោះមិនមែនជាខ្លេ ដែលបណ្ដាប្រទេសមហាអំណាចផ្សេងទៀត ប្រើដើម្បីគាបខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។
ដោយសារការព្រួយបារម្ភអំពីឥទ្ធិពល នៃបណ្ដាក្រុមហ៊ុនសហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋរបស់មហាយក្សចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន បានពួតដៃគ្នាព្យាយាមប្រើគ្រប់វិធី ដើម្បីទប់ស្កាត់ការឧបត្ថម្ភធនឧស្សាហកម្ម ដែលពួកគេនិយាយថា ជះផលអាក្រក់ដល់សេដ្ឋកិច្ចពិភពលោក។
ទោះជាយ៉ាងណា សំណើរបស់ប្រទេសទាំងនោះ ទាមទារឱ្យមានការអនុម័តយល់ព្រមជាឯកច្ឆន្ទ ពីសមាជិកទាំង១៦៤របស់អង្គការពាណិជ្ជកម្មពិភពលោក រួមមានទាំងប្រទេសចិនផងដែរ។ ប្រទេសទាំងនោះក៏ទាញទឡ្ហីករណ៍ថា មហាយក្សចិន មិនគួរទទួលបានអត្ថប្រយោជ ន៍ពីសម្បទានសម្រាប់បណ្ដាប្រទេស កំពុងអភិវឌ្ឍន៍តទៅទៀតឡើយ ពីព្រោះប្រទេសនេះ កំពុងស្ថិតនៅលើផ្លូវឆ្ពោះ ទៅរកការក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទៅហើយ។
លោកស្រី Ngozi Okonjo-Iweala អគ្គលេខាធិការនៃអង្គការពាណិជ្ជកម្មពិភពលោក បានថ្លែងក្នុងសន្និសីទ ដែលរៀបចំដោយគណៈកម្មការអឺរ៉ុបថា “យើងក៏ត្រូវតែបង្ហាញដែរថា ប្រទេសចិនមិនត្រូវបានគេគាបឡើយ។ ហើយបើប្រទេសចិន នៅតែមានអារម្មណ៍ថា ខ្លួនត្រូវគេគាប នោះជារឿងរបស់ចិន ព្រោះអ្នកឯង (ចិន) មានអ្នកប្រឆាំងជំទាស់ច្រើន” ។
លោកស្រីបន្ថែមថា “ការដោះស្រាយដែលខ្ញុំធ្វើជាមួយប្រទេសចិន គឺមានលក្ខណៈស្ថាបនាបំផុត ហើយខ្ញុំយល់ថា ប្រសិនបើយើងដាក់អង្គហេតុ អំពីផលប៉ះពាល់ជាអវិជ្ជមាន ដែលបង្កឡើងពីការឧបត្ថម្ភឧស្សាហកម្មបែបនេះ ហើយចែករំលែកជាមួយប្រទេសចិន នោះពួកគេ (ចិន) នឹងមានឆន្ទៈពិនិត្យមើលវា” ។
ប្រធានអង្គការពាណិជ្ជកម្មពិភពលោករូបនេះ បានលើកឡើងទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង គួរតែដឹងថា គោលនយោបាយរបស់ខ្លួន មិនត្រឹមតែជះផលប៉ះពាល់ដល់បណ្ដាប្រទេសអ្នកមាន ដែលកំពុងធ្វើការតវ៉ានោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
លោកស្រីគូសបញ្ជាក់ថា ប្រទេសចិន អាចនឹងទទួលយកបានច្រើនជាងនេះ ប្រសិនបើខ្លួនឃើញអង្គការពាណិជ្ជកម្មពិភពលោក ដោះស្រាយការឧបត្ថម្ភធនប្រភេទផ្សេងៗទៀត។ រដ្ឋាភិបាលក្រុងប៉េកាំង ចង់ទប់ស្កាត់ការឧបត្ថម្ភធន សម្រាប់វិស័យកសិកម្ម ដែលមានជាទូទៅនៅក្នុងទីផ្សារអភិវឌ្ឍន៍ និងទីផ្សារកំពុងរីកចម្រើន ដែលជាញឹកញាប់ធ្វើឱ្យបណ្ដាប្រទេសក្រីក្របាត់បង់ប្រយោជន៍។
លោកស្រី Okonjo-Iweala បានបញ្ជាក់ថា “ការឧបត្ថម្ភធនកសិកម្មទូទាំងពិភពលោក មានទំហំសរុបរហូតដល់ ប្រមាណ១ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ហើយអាចនឹងឈានដល់២ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០” ។
លោកស្រីលើកឡើងថា អង្គការពាណិជ្ជកម្មពិភពលោកពេលនេះ កំពុងធ្វើការជាមួយធនាគារពិភពលោក (World Bank) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) លើការសិក្សាអំពីការឧបត្ថម្ភធនជាទូទៅដើម្បី “ដាក់អង្គហេតុមួយចំនួននៅលើតុពិភាក្សា” ៕