ដោយៈ សាវុធ
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការពន្លឿនការប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងចូលចំណែកជួយដល់ការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្ដិជំងឺកូវីដ១៩។
លោកហួត ពុំអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះលើកឡើងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី “វេទិកាឌីជីថល និងការស្តារសេដ្ឋកិច្ច ក្រោយកូវីដ-១៩ នៅកម្ពុជា” ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ ZOOM។
លោបានដឹងទៀតថា ក្នុងវិបត្ដិកូវីដ១៩នេះ ការប្រើប្រាស់ប្រព័ន្ធឌីជីថល មានការកើនឡើងដូចជា៖ ការធ្វើពាណិជ្ជកម្ម តាមរយៈប្រព័ន្ធអនឡាញ ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិកជាដើម។
លោកបានបន្ដថា ការជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺជានិន្នាការមួយដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជា ការផ្ដល់លទ្ធភាពនូវការបង្ក ឲ្យមានការបង្កើនសមាហរណកម្ម នៅក្នុងតំបន់ផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា “ការពន្លឿនការប្រើប្រាស់ប្រព័ន្ធឌីជីថល មានសារៈសំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា”។ លោកបានបន្ដថា “ក្នុងវិបត្ដិកូវីដ១៩នេះ ការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺជាដំណោះស្រាយដ៏ល្អបំផុត ក្នុងការដោះសា្រយ ដើម្បីឱ្យសកម្មភាពសេដ្ឋកិច្ច មានការកើនឡើង”។
ជាមួយគ្នានេះ លោកក៏បានស្នើដល់អ្នកពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវធ្វើការរួមគ្នាបង្កើតសេវាឌីជីថល ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានលទ្ធផលឲ្យកាន់តែល្អប្រសើរផងដែរ។
លោករស់ សីលវ៉ារដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច បានតាំងតែងគោលនយោបាយសេដ្ឋកិច្ចម៉ាក្រូ ជាពិសេសទាក់ទង នឹងការវិនិយោគ នៅក្នុង ICT (វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន) ឬក៏ថ្នាលឌីជីថលជាដើម។
លោកបញ្ជាក់ឲ្យដឹងថា “ការប្រើប្រាស់ប្រព័ន្ធឌីជីថល បានកើតឡើងលឿន ហើយបញ្ហាកូវីដ-១៩ ក៏បានធ្វើឲ្យមានការផ្លាស់ប្ដូរ នៅប្រតិបត្ដិការទំនាក់ទំនងផងដែរ”៕